ទីក្រុង​អណ្ដែត​លើសមុទ្រ មាន​រូបរាង​ដូច​ត្រី​បបែល អាចដាក់​មនុស្ស​បាន 7,000 នាក់

ស្ថាបត្យករ​បារាំង​ម្នាក់ បានបង្ហាញ​រចនាបថ​នៃ​ទីក្រុង​រាង​ត្រី​បបែល ប្រវែង 900 ម៉ែត្រ ដែល​ជំនាញ​​បម្រើ​ដល់​ការស្រាវជ្រាវ​មហាសមុទ្រ។

កប៉ាល់​រាង​ត្រី​បបែល manta ដែលមាន​ឈ្មោះថា ទីក្រុង Meriens មើលទៅ​ដូច​រូបភាព​ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចដាក់​មនុស្ស​បាន​រាប់ពាន់នាក់ និង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក នេះ​បើតាម Sun ចុះផ្សាយ​កាលពី​ថ្ងៃទី 18 ធ្នូ។

Concept នេះ​អាចដាក់​មនុស្ស​បាន 7 ពាន់​នាក់ និង​មាន​បន្ទប់​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​ជាច្រើន។ ស្ថាបត្យករ​ជនជាតិ​បារាំង Jacques Rougerie ឱ្យដឹងថា មូលហេតុ​ដែល​គាត់​រចនា​ទីក្រុង Meriens ទៅតាម​រូបរាង​ត្រី​បបែល​ គឺ​ព្រោះថា ទម្រង់​នេះ​ល្អ​បំផុត អាចដាក់​មនុស្ស​បាន​ច្រើន។ កប៉ាល់​នេះ​នឹង​បម្រើ​ដល់​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ និង​និស្សិត​ដែល​ចង់​ស្វែងយល់​អំពី​ជីវភាព​នៅ​មហាសមុទ្រ។

ក្រោយពី​ត្រូវបាន​សាងសង់ ទីក្រុង​អណ្ដែត​នេះ​នឹងមាន​បណ្ដោយ 900 ម៉ែត្រ និង​ទទឹង 500 ម៉ែត្រ ហើយ​អាចដាក់​កប៉ាល់​ស្រាវជ្រាវ​ដែលមាន​បណ្ដោយ 90 ម៉ែត្រ​ជាច្រើន​គ្រឿង​។ Rougerie ក៏មាន​ផែនការ​អនុញ្ញាតឱ្យមាន​​សាលារៀន បន្ទប់​ពិសោធន៍ ទីតាំង​ជួបជុំ កំសាន្ត និង​កីឡា នៅលើ​កប៉ាល់​នេះ។ ទីក្រុង Meriens ក៏​មិន​បំ​ភាយ​ឧស្ម័ន ហើយ​នៅ​ស្លាប​របស់​កប៉ាល់​ក៏មាន​បណ្ដុំ​នៃ​ផ្ទះ​កញ្ចក់​សម្រាប់​ដាំបន្លែ​លើទឹក​ផងដែរ។

ទីក្រុង Meriens កំពុង​ត្រូវបាន​អង្គការ UNESCO វាយតម្លៃ តាមរយៈ​ក្រុមប្រឹក្សា​មហាសមុទ្រ​អន្តររដ្ឋាភិបាល។ លោក Rougerie បានចាប់ផ្ដើម​រៀប​គម្រោង​សម្រាប់ Meriens កាលពី 13 ឆ្នាំមុន ហើយ​ជឿជាក់ថា កប៉ាល់​ខ្នាត​យក្ស​នេះ​នឹង​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ 2050៕

Advertisement