រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​ចំនួន 4 គ្រោង​នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​​នៅ តាកែវ កំពង់ចាម និង​ភ្នំពេញ

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន 4 ដែលមាន​ទុន​សរុប​ជាង 21 លាន​ដុល្លារ​អាម៉េរិក និងអាច​​បង្កើត​ការ​ងារ​បាន​​ជាង 6,000 កន្លែង ។

ក្រុមហ៊ុន​ទាំងនេះ​រួមមាន ៖

ក្រុមហ៊ុន PHOENIX FASHION (CAMBODIA) GARMENT CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅលើ​ក្បាលដី​លេខ 865 ផ្លូវលំ ភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ដោយមាន​ទុនវិនិយោគ​ប្រមាណ 6.3 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 3,358 កន្លែង។

ក្រុមហ៊ុន AW CASHMERE (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 2 ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្នុង​ដោយមាន​ទុនវិនិយោគ​ប្រមាណ 5.3 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,117 កន្លែង។

ក្រុមហ៊ុន SUPERCAN (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,264 កន្លែង។

ក្រុមហ៊ុន XN FU INDUSTRIAL CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ឆត្រ អាវ​ភ្លៀង ថង់​យួរដៃ ស្រោមដៃ និង​កន្សែងពោះគោ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 7 ភូមិ​តាំងគោក ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 641 កន្លែង។

Advertisement