រាជធានី​តូ​ក្យូ ៖ ផ្ទះ​ដែល​សង់​ថ្មី​ចាប់ពី​ឆ្នាំ 2025 ត្រូវតែ​បំពាក់​ផ្ទាំង​សូ​ឡា

រាល់​ផ្ទះ​ថ្មី​នៅ រាជធានី​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​សាងសង់​ដោយ​ក្រុមហ៊ុនធំៗ ក្រោយ​ខែមេសា 2025 ត្រូវតែ​បំពាក់​ផ្ទាំង​សូ​ឡា​ដើម្បី​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​កាបូន​របស់​គ្រួសារ​នានា។

នេះ​គឺជា​ខ្លឹមសារ​នៅក្នុង​សេចក្ដីកំណត់​ថ្មី​ដែល​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​រាជធានី​របស់ ជប៉ុន អនុម័ត​កាលពី​ថ្ងៃ​​ទី 15 ធ្នូ 2022។

យោងតាមអាជ្ញាធរ​ជប៉ុន ការកំណត់​ថ្មី​នេះ​តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​សំណង់ធំៗប្រហែល 50 ស្ថាប័ន បំពាក់​ប្រភព​ថាមពល​កកើត​ឡើងវិញ (ភាគច្រើន​គឺ​ផ្ទាំង​សូ​ឡា) ទៅលើដំបូល​ផ្ទះ អគារ​ថ្មី​ដែលមាន​ទំហំចាប់​ពី​ 2,000 ម៉ែត្រក្រឡា។

អភិបាលក្រុង​តូ​ក្យូ លោកស្រី Koike Yuriko

អភិបាលក្រុង​តូ​ក្យូ លោកស្រី Koike Yuriko បានឱ្យដឹងថា អាជ្ញាធរ​កំណត់​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ពាក់កណ្ដាល​នៅ​ឆ្នាំ 2030 ធៀប​នឹង​ឆ្នាំ 2020។

ជប៉ុន ដែលជា​ប្រទេស​បំ​ភាយ​ឧស្ម័ន​កាបូន​ច្រើនជាងគេ​លំដាប់​ទី 5 លើ​ពិភពលោក បាន​សន្យាថា នឹង​សម្រេច​ឱ្យបាន​នូវ​អព្យាក្រឹតភាព​​កាបូន​នៅ​ឆ្នាំ 2050៕

Advertisement