គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី

គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ មកដល់​បច្ចុប្បន្ន ស្ថិតនៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

កិច្ចប្រជុំ​ស្ដីពី​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី 14 ធ្នូ នៅ​ទីស្ដីការក្រសួង​សាធារណការ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ និង​លទ្ធផល​មួយចំនួន​ដែល​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន(CRBC) និង​ក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd សម្រេចបាន​នាពេល​កន្លង និង​ដើម្បី​ពិនិត្យ​ផែនការ​សកម្មភាព​សម្រាប់​ជំហាន​បន្ទាប់។

យោងតាម ក្រសួង​សាធារណការ គិត​មកដល់ពេលនេះ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព បន្ទាប់ពី​ទទួលបាន​ចំណារ​ឯកភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី 08 មេសា 2022។ តាម​ផែនការ គម្រោង​សិក្សា​លម្អិត​នេះ គ្រោង​នឹង​បញ្ចប់​ឱ្យបាន​រួចរាល់​នៅ​ដំណាច់​ខែមករា 2023។

ក្រសួង​បានឱ្យដឹងថា នៅពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ គម្រោង​នេះ នឹង​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​កម្ពុជា​ឱ្យមាន​សន្ទុះ​កើនឡើង មាន​ប្រសិទ្ធភាព​ខ្ពស់ កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន និង​មានគុណ​ភាព​ជាង​មុន ក៏ដូចជា​កាត់បន្ថយ​ស​ម្ពា​ធ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ថ្នល់ និង​ងាយស្រួល​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស ជួយ​ពង្រឹង និង​ពង្រីក​ការតភ្ជាប់​ជាមួយ​តំបន់ និង​អន្តរជាតិ៕

Advertisement