ប្រទេស​ចិន កំពុង​សាងសង់​ផ្លូវ​រូង 8 គន្លង​ក្រោម​បាតសមុទ្រ ដើម្បី​អភិវឌ្ឍ​តំបន់ Guangdong-Hongkong-Macao

គម្រោង​ផ្លូវ​គមនាគមន៍​ឆ្លងកាត់​សមុទ្រ Shenzhen-Zhongshan ក្នុង​ខេត្ត Guangdong ក៏មាន​ផ្លូវ​រូង​ដែលមាន​សម្បក​ធ្វើ​អំពី​ដែកថែប​ប្រវែង 6.8 គីឡូម៉ែត្រ និង​ត​ភ្ជាប់​គ្នា​ដោយ​បំពង់​ផ្លូវ​ក្រោម​ទឹក​ចំនួន 32 កំណាត់។

ការសាងសង់​ស្រទាប់​ធ្វើ​អំពី​ដែកថែប​របស់​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ​នៅ ភាគខាងត្បូង​ប្រទេស​ចិន បាន​រួចរាល់​ជា​ស្ថាពរ​ហើយ នេះ​បើតាម​ក្រុមហ៊ុន​ផ្សព្វផ្សាយ Guangdong ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ធ្នូ។

ផ្លូវ​រូង​ក្រោម​សមុទ្រ​ដែល​ត​ភ្ជាប់​គ្នា​ដោយ​បំពង់​ផ្លូវ​ក្រោម​ទឹក​ចំនួន 32 កំណាត់​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​គមនាគមន៍​ឆ្លងកាត់​សមុទ្រ Shenzhen-Zhongshan។ ផ្លូវ​ដែលមាន​ប្រវែង​សរុប 24 គីឡូម៉ែត្រ​នេះ ត​ភ្ជាប់​ទីក្រុង Shenzhen និង Zhongshan របស់​ខេត្ត Guangdong។ គម្រោង​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​របស់​តំបន់​មហា​ឈូង​សមុទ្រ Guangdong-Hongkong-Macao។

គម្រោង​ខាងលើនេះ​រួមមាន ផ្លូវ​រូង​ក្រោម​ទឹក​ប្រវែង 6.8 គីឡូម៉ែត្រ និង​កោះ​សិប្បនិម្មិត​ចំនួន​ពីរ។ ផ្លូវ​ក្រោម​ទឹក​នេះ​គឺជា​ផ្លូវ​រូង​សម្បក​ដែកថែប​ក្រោម​សមុទ្រ​ដែលមាន​ទទឹង​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន 8 គន្លង​សម្រាប់​រថយន្ត។

តាម​ផែនការ ផ្លូវ​រូង​ឆ្លងកាត់​សមុទ្រ Shenzhen-Zhongshan នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ 2024។ វា​នឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ទីក្រុង Shenzhen និង Zhongshan ពី 2 ម៉ោង មក​នៅត្រឹម 30 នាទី៕

Advertisement