គម្រោងធំៗរបស់ កម្ពុជា ដែល​បាន និង​កំពុង​អនុវត្ត​ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន នាពេលថ្មីៗនេះ

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា កាលពី​ម្សិលមិញ​បានលើកឡើង​អំពី​បណ្ដា​គម្រោងធំៗ ដែល​បាន និង​កំពុង​អនុវត្ត ក្រោម​ជំនួយ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ពី ជប៉ុន ក្នុង​មួយរយៈ​ពេលថ្មីៗនេះ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ទីស្ដីការក្រសួង កាលពី​ថ្ងៃទី 13 ធ្នូ បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ និង​ជម្រាបលា​ពី​សំណាក់ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

នៅក្នុង​ជំនួប​នេះ ក្រោយពី​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន រដ្ឋមន្ត្រីក្រសួង​សាធារណការ​កម្ពុជា ក៏បាន​លើកឡើង​អំពី​គម្រោងធំៗមួយចំនួន​ដែល​បាន និង​កំពុង​អនុវត្ត ក្រោម​ជំនួយ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​រយៈពេលថ្មីៗនេះ​ផងដែរ។

យោងតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ គម្រោងធំៗខាងលើ​រួមមាន​ដូចជា «គម្រោង​ស្ថាបនា និង​លើកកម្ពស់​ផ្លូវជាតិ​លេខ 5», គម្រោង​ពង្រីក​វិសាលភាព​កំពង់ផែ​ក្រុងព្រះសីហនុ ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ Port EDI», «គម្រោង​សិក្សា​រៀបចំ​ផែនការមេ​ភស្តុភា​រកម្ម ការផ្តល់​ជំនួយ​គ្រឿងចក្រផ្សេងៗ សម្រាប់​ការជួសជុល​ថែទាំ​ផ្លូវថ្នល់» ជាដើម។ល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ឯកឧត្តម ឯកអគ្គរាជទូត​ជ​ប៉ុន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ កម្ពុជា ក៏ដូចជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​តែងតែ​ផ្តល់នូវ​កិច្ចសហការ​ល្អ ហើយ ឯកឧត្តម សូម​ចូលរួម​អបអរ​យ៉ាង​ក្រៃលែង ចំពោះ​ភាពជោគជ័យ​ដ៏​ធំធេង ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ខែវិច្ឆិកា​កន្លងទៅ​ផងដែរ។

ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​ជម្រាប​ដែរ​ថា បើទោះជា​មិនបាន​បន្តការងារ​នៅ កម្ពុជា ក៏ដោយ ក៏​ឯកឧត្តម នៅតែ​បន្ត​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​នៅទីនេះ៕

Advertisement