Ford វិនិយោគ​បន្ថែម​រាប់រយ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​សង់រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​អង់គ្លេស

ក្រុមហ៊ុន Ford នឹង​បង្កើន​ការវិនិយោគ ធៀប​នឹង​គម្រោង​ដំបូង ទៅលើ​រោងចក្រ Halewood នៅ Merseyside ចក្រភព​អង់គ្លេស ដើម្បី​បង្កើន​ការផលិត​ប្រព័ន្ធ​ម៉ូ​ទ័​រ​សម្រាប់​រថយន្ត​អគ្គិសនី។

កាលពី​ខែតុលា 2021 Ford បានប្រកាស​អំពី​ខ្ទង់​ប្រាក់​វិនិយោគ​តម្លៃ 230 លាន​ផោន (ស្មើនឹង 316 លាន​ដុល្លារ​អាម៉េរិក នៅពេលនោះ) ដើម្បី​ផលិត​ម៉ូ​ទ័​រ​អគ្គិសនី និង​ប្រព័ន្ធ​ប្រអប់លេខ​ចំនួន 250,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។ ក្នុង​ខែ​នេះ Ford ក៏បាន​ប្រកាស​ខ្ទង់​វិនិយោគ​បន្ថែម 149 លាន​ផោន (180 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​អាច​ផលិត​ម៉ូ​ទ័​រ​អគ្គិសនី​ឱ្យបាន​ដល់ 420,000 គ្រឿង/ឆ្នាំ។ Ford បាន​វិនិយោគ​សរុប​ប្រហែល 496 លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​រោងចក្រ​នេះ។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​គិត​ត្រឹម​ឆ្នាំ 2024 និង​លក់ BEV ឱ្យបាន 600,000 គ្រឿង/ឆ្នាំ​នៅ​ឆ្នាំ 2026។

តាម​ផែនការ ដល់​ឆ្នាំ 2030 Ford នឹង​លក់​តែ​រថយន្ត​ដែល​ដើរ​ដោយ​អគ្គិសនី​ទាំងស្រុង​នៅ ទ្វីបអឺរ៉ុប ហើយ​ប្រការនេះ​ក៏​នឹង​កើតឡើង​ចំពោះ​រថយន្ត​ដឹកទំនិញ​នៅ​ឆ្នាំ 2035៕

Advertisement