អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ ដើម្បី​ «យកឈ្នះ» អគារ Burj Khalifa

អាជ្ញាធរ​របស់ អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មក​គូរ​ប្លង់​សម្រាប់​អគារ​ខ្ពស់បំផុត​ថ្មី​មួយ​ដែល​គ្រោង​នឹង​សាងសង់​នៅ រដ្ឋធានី​រី​យ៉ា​ដ។

អា​រ៉ា​ប៊ី​សា​អូឌីត នឹង​សង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ​នៅ រី​យ៉ា​ដ នេះ​បើតាម MEED ចុះផ្សាយ​កាលពី​ថ្ងៃទី 07 ធ្នូ 2022។ អគារ​ខ្ពស់កប់ពពក​ថ្មី​ដែល​កំពុង​ត្រូវបាន​ពិចារណា​ដោយ​មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) នេះ​នឹង​ស្ថិតនៅក្នុង​តំបន់​ពង្រីក​ថ្មី​ទំហំ 18 គីឡូម៉ែត្រ​ក្រឡា​នៅ​ភាគ​ខាងជើង​នៃ រដ្ឋធានី​រី​យ៉ា​ដ។ អាជ្ញាធរ​កំពុង​កំណត់​តំបន់​ដែល​ត្រូវ​បើក​ការដ្ឋាន​នៅក្បែរ​ព្រលានយន្តហោះ​អន្តជាតិ King Khalid និង​កំពុងធ្វើការ​សិក្សា​លម្អិត។

អគារ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក​នាបច្ចុប្បន្ន​គឺ Burj Khalifa នៅ​ទីក្រុង ឌូ​បៃ ដោយមាន​កម្ពស់ 828 ម៉ែត្រ។ យោងតាម​ក្រុម​អ្នកម៉ៅការ​សំណង់ អគារ​ទាំងឡាយណា​ដែលមាន​កម្ពស់ 2 គីឡូម៉ែត្រ ក្នុង​តំបន់ នឹងត្រូវ​ចំណាយ​ថវិកា​សាងសង់​ឡើងដល់ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក។

អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អញ្ជើញ​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់ ក្រុមហ៊ុន​ស្ថាបត្យកម្ម​សំណង់ និង​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង​ជាដើម​ចំនួន 8 ស្ថាប័ន ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ក្នុងការ​រចនា​អគារ​កប់​ពពក​ថ្មី​នេះ។

អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​អនុវត្ត​គម្រោង​សាងសង់ធំៗជាច្រើន ក្នុងនោះ​មានដូចជា គម្រោង​ព្រលានយន្តហោះ​ស្ដេច Khalid និង​មហា​គម្រោង​ទីក្រុង NEOM តម្លៃ 500 ពាន់​លាន​ដុល្លារ​អាម៉េរិក ក៏ដូចជា​ទីក្រុង​បណ្ដោយ​ត្រង់ The Line ប្រវែង 170 គីឡូម៉ែត្រ​ជាដើម៕

Advertisement