គម្រោងផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ របស់ វៀតណាម ដែលមានប្រវែង 50 គីឡូម៉ែត្រ និងត្រូវចំណាយថវិកាជាង 16.7 ទ្រីលានដុង នឹងតភ្ជាប់ទីក្រុងធំជាងគេរបស់ វៀតណាម ជាមួយនឹង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ កម្ពុជា។
គម្រោងផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ នឹងត្រូវបានសាងសង់ពី ទីក្រុងហូជីមិញ ឆ្ពោះមកកាន់ច្រកព្រំដែនអន្តរជាតិម៉ុកបាយ នៃខេត្ត Tay Ninh (រោងដំរី) របស់ វៀតណាម ដែលជាប់នឹងច្រកព្រំដែនបាវិត នៃ ខេត្តស្វាយរៀង របស់ កម្ពុជា។
គម្រោងនេះ ត្រូវបានអាជ្ញាធរវៀតណាម គណនាឃើញថា ត្រូវការទុនវិនិយោគជាង 16.7 ទ្រីលានដុង សម្រាប់ដំណាក់កាលទីមួយដែលត្រូវស្ថាបនា 4 គន្លង អាចបើកបរក្នុងល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។ នៅក្នុងទុនវិនិយោគសរុបជាង 16.7 ទ្រីលានដុង (673 លានដុល្លារអាម៉េរិក) អ្នកវិនិយោគគ្រោងនឹងប្រមូលទុនជិត 9.3 ទ្រីលានដុង ក្រៅពីនេះគឺជាបន្ទុករបស់ រដ្ឋវៀតណាម។
ផ្លូវដែលមានប្រវែងប្រហែល 50 គីឡូម៉ែត្រនេះ នឹងស្ថិតក្នុង ទីក្រុងហូជីមិញជិត 24 គីឡូម៉ែត្រ និងប្រហែល 26 គីឡូម៉ែត្រទៀតស្ថិតក្នុងខេត្តរោងដំរី។ ហេដ្ឋារចនាសម្ព័ន្ធមួយនេះនឹងចាប់ផ្ដើមការស្ថាបនាពីឆ្នាំ 2024 ដល់ឆ្នាំ 2027។
នេះគឺជាផ្លូវល្បឿនលឿនដ៏សំខាន់សម្រាប់ការលើកកម្ពស់សមត្ថភាពទាញយកផលប្រយោជន៍ពីការដឹកជញ្ជូនអន្តរជាតិដែលតភ្ជាប់រវាង ទីក្រុងធំបំផុតរបស់ វៀតណាម និង កម្ពុជា៕