វៀតណាម អនុម័តការ​វិនិយោគលើ​គម្រោងកំពង់ផែអន្តរជាតិនៅ​ភាគ​កណ្ដាល​​ ដើម្បី​ទទួល​ដឹក​ទំនិញ​ពី​ ឡាវ និង​ ថៃ

អាជ្ញាធរគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ខេត្ត Quang Binh នៅ​ភាគ​កណ្ដាល​នៃ​ ប្រទេស​វៀតណាម កាលពី​ម្សិលមិញ បាន​អនុម័ត​ការ​​​វិនិយោគ​លើ​គម្រោង​កំពង់​ផែចម្រុះ​អន្តរជាតិ​ Hon La ជាមួយ​នឹង​ទុន​វិនិយោគ​ជាង ២.១ ទ្រីលាន​ដុង​។

គម្រោង​កំពង់​ផែចម្រុះ​អន្តរជាតិ​ Hon La នេះ​ ត្រូវ​បាន​បែង​ជា​ ២ ដំណាក់​កាល​នៃ​ការ​វិនិយោគ​ ក្នុង​នោះ ដំណាក់​កាល​ទី ១ អនុវត្ត​ពី​ឆ្នាំ ២០២២ ដល់ ២០២៤ ដោយ​​ប្រើ​ប្រាស់​ទុន​វិនិយោគជិត ៩៤០ ពាន់​លាន​ដុង និង​ដំណាក់​កាល​ទី ២ ចាប់​ពី​ឆ្នាំ ២០២៥ ដល់ ២០២៦ ដោយ​​ប្រើ​ទុន​ជាង ១.១ ទ្រីលាន​ដុង​។

​​​ក្រុមហ៊ុនសាជីវកម្ម Hon La ដែល​ជា​ម្ចាស់​គម្រោង​ខាងលើនេះ ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អនុវត្ត​ និង​ដំណើរ​ការ​​រយៈ​ពេល​ ៥០ ឆ្នាំ​ រាប់​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា។

គោល​ដៅ​នៃ​ការ​វិនិយោគ​នេះ​គឺ​ក្នុង​បំណង​ស្ថាបនា​កំពង់ផែ​ចម្រុះលក្ខណៈ​អន្តរ​ជាតិ​​ សម្រាប់​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច​នៅតំបន់​ Hon La និង​តំបន់​ឧស្សាហកម្ម​ក្នុង​ខេត្ត​ Quang Binh, ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ ប្រទេស​ឡាវ ក៏ដូចជា​ពី ភាគ​ឦសាន​ប្រទេស​ថៃ។ ​កំពង់​ផែ​នេះ​​អាច​ទទួល​កប៉ាល់​ដឹក​ទំនិញ​ និង​កប៉ាល់​ដឹក​អ្នក​ដំណើរ​អន្តរ​ជាតិ​៕

Advertisement