
ក្រុមហ៊ុន Orbital Assembly នៅ Fontana រដ្ឋ California សហរដ្ឋអាម៉េរិក បានបង្ហើបឱ្យដឹងអំពីស្ថានីយអវកាសថ្មីចំនួន ២ ដែលនឹងប្រើប្រាស់ដើម្បីទទួលភ្ញៀវទេសចរណ៍អវកាស ហើយគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៥។
ក្រុមហ៊ុន Gateway Foundation បានណែនាំអំពីគំនិតសាងសង់សណ្ឋាគារអវកាសកាលពីឆ្នាំ ២០១៩។ គោលដៅរបស់ពួកគេគឺបង្កើតទីតាំងមួយដែលនៅឆ្ងាយពីផែនដី មានបន្ទប់ធ្វើការ និងបន្ទប់សម្រាប់ភ្ញៀវទេសចរណ៍។
ស្ថានីយ Pioneer អាចដាក់មនុស្សបាន ២៨ នាក់ នៅពេលបើកដំណើរការនៅឆ្នាំ ២០២៥។ ស្ថានីយមួយទៀតគឺ Voyager ដែលគ្រោងនឹងបើកទ្វារទទួលភ្ញៀវនៅឆ្នាំ ២០២៧ អាចដាក់មនុស្សបាន ៤០០ នាក់។

«គោលដៅរបស់យើងគឺការនាំមនុស្សច្រើននាក់ទៅរស់នៅ ធ្វើការ និងអភិវឌ្ឍនៅទីអវកាស» Tim Alatorre នាយកប្រតិបត្តិរបស់ Orbital Assembly ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការសាងសង់ស្ថានីយអវកាសទាំងពីរខាងលើ ឱ្យដឹងដូច្នេះ។
ស្ថានីយអវកាសទាំង ២ ដែលមានរូបរាងដូចទៅនឹងកង់ឡាន មានទំនាញសិប្បនិម្មិត អនុញ្ញាតឱ្យមនុស្សដើរបានស្រួល។ ស្ថានីយ Pioneer តូចជាងស្ថានីយ Voyager ប៉ុន្តែនឹងមានបន្ទប់ចំនួន ៥ នៅជុំវិញកង់របស់វា។
