មនុស្សម្នាក់រស់នៅក្នុងរដ្ឋ Connecticut បានទិញចានសេរ៉ាមិចមួយតម្លៃ 35 ដុល្លារអាមេរិក ពីទីតាំងលក់ទំនិញចាស់ៗមួយកន្លែង ដោយមិនបានដឹងទាល់់តែសោះថា វាគឺជាវត្ថុបុរាណជំនាន់រាចវង្សមីង (Ming Dynasty) របស់ចិន ដែលមានតម្លៃរហូតដល់ 5,00,000 ដុល្លារអាមេរិក។
ចានដែលមានរូបគំនូរស្លឹកឈើដ៏អស្ចារ្យមួយនេះ ត្រូវបានមនុស្សម្នាក់ទិញពីកន្លែងលក់ទំនិញចាស់ៗ ដែលស្ថិតនៅក្នុងរដ្ឋ Connecticut ភាគឦសាននៃសហរដ្ឋអាមេរិក។ អត្តសញ្ញាណរបស់អ្នកទិញរូបនេះ បច្ចុប្បន្នត្រូវបានគេលាក់ជាអាថ៌កំបាំង។
អ្នកទិញខាងលើបានរកក្រុមអ្នកជំនាញខាងសេរ៉ាមិច ប៉សឺឡែន ដើម្បីពិនិត្យចាននេះ ដោយការផ្ញើរូបថតជាដំបូង ហើយក្រោយមកក៏បានយកវាទៅកាន់សាលដេញថ្លៃដើម្បីពិនិត្យឱ្យបានច្បាស់។ ក្រុមអ្នកជំនាញបានឱ្យដឹងថា ចាននេះត្រូវបានផលិតឡើងសម្រាប់រាជបល្ល័ង្ករបស់មហាក្សត្រ Yongle (ព្រះនាមផ្ទាល់ខ្លួនគឺ Zhu Di) ដែលជាស្ដេចទីបីរបស់រាជវង្សមីង សោយរាជចាប់ពីឆ្នាំ 1402 ដល់ 1424។
«នៅក្នុងពិភពលោកនេះ មានចានដូច្នេះចំនួនតែ 6 ប៉ុណ្ណោះដែលត្រូវបានគេដឹង។ នោះគឺជាសម្ភារសម្រាប់តែរាជវង្សប៉ុណ្ណោះ» នេះបើតាម Angela McAteer អ្នកជំនាញខាងស្នាដៃសិល្បៈចិន មកពីការិយាល័យកណ្ដាលរបស់ Sotheby’s នៅទីក្រុង New York។ Sotheby’s គឺជាក្រុមហ៊ុនឈ្មួញជើងសាធំជាងគេបង្អស់មួយនៅក្នុងពិភពលោក ដែលរកស៊ីខាងវត្ថុបុរាណ គ្រឿងអលង្ការ គ្រឿងសិល្បៈតុបតែង អចលនទ្រព្យ និងវត្ថុចម្លែក។
Sotheby’s នឹងនាំយកចានទី 7 នៃរាជបល្ល័ង្ករបស់មហាក្សត្រ Yongle នេះ ទៅដាក់លក់ដេញថ្លៃនៅថ្ងៃទី 17 មីនាខាងមុខ ដោយចាប់ផ្ដើមពីតម្លៃ 300,000 ដុល្លារ ដល់ 500,000 ដុល្លារអាមេរិក។
ចានចំនួន 5 ក្នុងចំណោមចានដែលត្រូវបានគេស្គាល់ កំពុងស្ថិតក្នុងសារមន្ទីរ រួមមាន៖ 2 នៅកោះតៃវ៉ាន់, 2 នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស និង 1 នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា