ធនាគារ​នាំគ្នា​បិទ​គណនី​របស់ Trump

Banks United នៅ Florida ប្រកាសថា បាន​បិទ​គណនី​របស់លោក Trump ធ្វើឱ្យ​បញ្ជី​នៃ​បណ្ដា​ធនាគារ​ដែល​បែរខ្នង​ដាក់​អតីត​ប្រធានាធិបតី​រូបនេះ កាន់តែ​វែង​អន្លាយ ក្រោយពី​មាន​អំពី​ហិង្សា​នៅ Capitol Hill។

«យើង​ពុំមាន​ទំនាក់ទំនង​អ្វី​ទៀត​ជាមួយនឹង​គាត់» Banks United បានចេញ​សេចក្ដី​ក្រ​កាស​កាលពី​ថ្ងៃទី 21 មករា ប៉ុន្តែ​មិនបាន​លើកឡើង​អំពី​មូលហេតុ​ច្បាស់លាស់​ដែលនាំឱ្យ​មានការ​បិទគ​ណ​នី​ធនាគារ​របស់លោក Trump នេះ​ទេ។

Washington Post ឱ្យដឹងថា លោក Donald Trump ធ្លាប់បាន​ប្រកាសថា លោក​មាន​គណនី​បញ្ញើ​ប្រាក់​ចំនួន​ពីរ​នៅ​ធនាគារ Banks United ជាមួយនឹង​ប្រាក់​ក្នុង​គណនី​ប្រមាណ 5.1 លាន​ដុល្លារ និង 25.2 លាន​ដុល្លារ។

មុននេះ​មាន​ធនាគារ​មួយ​ផ្សេងទៀត​នៅ Florida គឺ Professional Bank ក៏បាន​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង​លោក Trump ដោយ​អះអាងថា មិន​ធ្វើការ​ជួញដូរ​អ្វី​ជាមួយនឹង​អតីត​ប្រធានាធិបតី​រូបនេះ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​របស់លោក។

ធនាគារ Signature Bank នៅ​ទីក្រុង New York និង​ធនាគារ Deutsche Bank ក៏​ធ្លាប់​បានប្រកាស «បដិសេធ​ធ្វើ​ជំនួញ​លក្ខណ​បុគ្គល​ជាមួយនឹង Trump និង​ចរន្ត​ប្រាក់​របស់លោក»។ ក្រោយពី​មាន​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 មករា ធនាគារ Signature Bank បាន​អំពាវ​អំ​នាវ​ឱ្យ​លោក Trump លាលែង​ពី​តំណែង។ ធនាគារ​នេះ​ក៏បាន​ប្រកាសថា មិន​ធ្វើ​ជំនួញ​ជាមួយ​ក្រុមតំណាងរាស្ត្រ​ដែល​បាន​ចូលរួម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​នៅ​វិមាន​សភា​ទៀតផង

ចំណែក​ធនាគារ Deutsche Bank វិញ ត្រូវបាន​គេ​ជឿថា កំពុងតែ​ស្វែងរក​វិធី​ដោះស្រាយ​ចំពោះ​ខ្ទង់​ប្រាក់កម្ចី​ជាង 300 លាន​ដុល្លារ​របស់​អតីត​ប្រធានាធិបតី Trump ដោយ​អាច​បង្វែរ​សំណើរ​ទៅកាន់​ភាគី​ទី​បី។ ខ្ទង់​កម្ចី​របស់ Trump នៅ​ធនាគារ Deutsche Bank គឺ​សម្រាប់​ទីលាន​វាយកូនគោល​មួយ​របស់លោក នៅ Miami និង​សណ្ឋាគារ​មួយចំនួន​នៅ​វ៉ា​ស៊ី​ង​តោន និង​ទីក្រុង Chicago។

ក្រោយពី​ព្រឹត្តិការណ៍​ហិង្សា​នៅ Capitol Hill ការរកស៊ី​របស់លោក Trump ហាក់​កំពុង​រង្គោះរង្គើ​ខ្លាំង​នៅពេល​លោក​ត្រូវបាន​ចោទប្រកាន់ថា​ជា​អ្នក​នៅ​ពីក្រោយ​បាតុកម្ម​នេះ។ សមាគម​កីឡា​កូនគោល PGA និង R&A ក៏បាន​ប្រកាសថា​នឹង​ផ្អាក​ប្រើប្រាស់​ទីលាន​ចំនួន​ពីរ​ដែលជា​កម្មសិទ្ធិ​រប​ស់​អតីត​ប្រធានាធិបតី Donald Trump ផងដែរ ក្រោយ​ព្រឹត្តិការណ៍​នៅ Capitol Hill៕

ប្រភព៖ Thehill

Advertisement