Bitcoin ឡើង​ថ្លៃ​រហូត​ដល់​ជាង 71,000 ដុល្លារ​អាម៉េរិក

Bitcoin បន្ត​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ នៅ​ពេល​កើន​លើស​ពី​ 71,000 ដុល្លារ​អាម៉េរិក​/Bitcoin កាល​ពី​ល្ងាច​ថ្ងៃទី 11 មីនា។

Bitcoin បាន​ឡើង​ថ្លៃ​ជិត 2.6% ក្នុង​រង្វង់ 24 ម៉ោង និង​លើស​ពី 10% គិត​ចាប់​ពី​ថ្ងៃទី 04 មីនា​។ តម្លៃ​មូលធន​ទីផ្សារ​របស់​ប្រាក់​ឌីជីថល់​គ្រីបស្តូ​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ បាន​កើន​លើស​ពី 1.4 លាន​លាន​ដុល្លារ​ (1,400,000,000,000.00) បន្ទាប់​ពីតម្លៃ​មួយ​ Bitcoin បាន​ឡើង​ផុត​ពី 71,000 ដុល្លារ​។

តម្លៃ​របស់​ Bitcoin ត្រូវ​បាន​រុញ​ឡើង​ដោយ​ការ​ទទួល​យក​ និង​ការ​ទទួល​ស្គាល់​របស់​អ្នក​វិនិយោគ​​ និង​ស្ថាប័ន​​នានា ដែល​នាំ​មក​នូវ​រំហូរ​ប្រាក់​ដ៏​សម្បើម​សម្រាប់​ថ្នាល​វិនិយោគ​នេះ​។

Michael Anderson ស្ថាបនិក​ក្រុម​ហ៊ុន​វិនិយោគ​ប្រាក់​ឌីជីថល់​គ្រីបស្តូ Framework Ventures អះអាង​ថា ការ​ឡើង​ថ្លៃ​លើក​នេះ​របស់ Bitcoin គឺ​ខុស​គ្នា​ឆ្ងាយ​ បើធៀប​នឹង​ឆ្នាំ 2021​។ «នេះ​ទំនង​ជា​វដ្ដ​មួយ​ដែល​នាំ​មុខ​ដោយ​បណ្ដា​ស្ថាប័ន​ហិរញ្ញវត្ថុ​»​ លោក Anderson និយាយ​ដូច្នេះ​។

សារព័ត៌មាន New York Times ក៏​បាន​អះអាង​ដូច​លោក Anderson ដោយ​ផ្សាយ​ថា ភាព​ខុសគ្នា​​​នៃ​ការ​ឡើង​ថ្លៃ​របស់ Bitcoin បច្ចុប្បន្ន ធៀប​នឹង​ឆ្នាំ 2021 គឺ​នៅ​ត្រង់ថា លើក​នេះ​មាន​ការ​ចូល​រួម​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ ដែល​មាន​ដូច​ជា BlackRock និង Fidelity ជា​ដើម​។

ក្រៅ​ពី Bitcoin ក៏​នៅ​មាន​រូបិយប័ណ្ណ​ឌីជីថល់​គ្រីបស្តូ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ជា​បន្ត​បន្ទាប់​។ ប្រាក់ Ethereum (ETH) ក៏​ឡើង​ថ្លៃ​លើស​ពី 4,000 ដុល្លារ​ ខណៈ​តម្លៃ​របស់​ Solana (SOL) ​ហក់​ឡើង​ជិត​ដល់ 150 ដុល្លារ​អាម៉េរិក​៕

Advertisement