Bitcoin ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយ​ពី​ឡើង​លើស​ពី 69 ពាន់​ដុល្លារ​/កាក់

ក្នុង​យប់​កន្លង ប្រាក់​ឌីជីថល​គ្រីបស្តូ​ធំបំផុត​លើ​ពិភពលោក​ ឡើង​ថ្លៃ​រហូត​ដល់ 69,200 ដុល្លារ​អាម៉េរិក ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​មក វា​ក៏​​បាន​ធ្លាក់​មក​នៅត្រឹម​​ប្រហែល​ 59,300 ដុល្លារ​​។

បន្ទាប់​ពី​ហក់​ឡើង​លើស​តម្លៃ​ចាស់ ខ្ពស់​ជាង 68,800 ដុល្លារ​ កាល​ពី​ព្រឹក​ម្សិល​មិញ Bitcoin (BTC) ត្រូវ​បាន​ជួញដូរ​ក្នុង​រង្វង់​ពី 66,000 ដល់ 68,000 ដុល្លារ​ក្នុង​មួយ​កាក់​។ មក​ដល់​ព្រលប់​ម្សិល​មិញ តម្លៃ​ប្រាក់​ឌីជីថល់​នេះ​ក៏​បាន​ហក់​ឡើង​វិញ​។ ប្រហែល​ម៉ោង 22 តម្លៃ​របស់ BTC ក៏​ឡើង​ដល់​ចំណុច​កំពូល​ថ្មី​ គឺ​ 69,208 ដុល្លារ​។

Bitcoin បាន​ឡើង​ថ្លៃ​ជិត 160% រាប់ចាប់​ពី​ខែ​តុលា​ឆ្នាំ 2023​ ក្នុង​នោះ ខែ​កុម្ភៈ​បាន​រួម​ចំណែក​ 44%​។ ប្រការ​នេះ​បាន​ដើរ​ផ្ទុយ​ពី​ឆ្នាំ​ 2022 ដែល​កាល​នោះ​ ប្រាក់​ឌីជីថល​គ្រីបស្តូ​បាន​ស្ថិត​ក្នុង​ «រដូវ​រងា» អស់​រយៈ​ពេល 18 ខែ​ បន្ទាប់​ពី​ករណី​ក្ស័យ​​ធន និង​រឿង​អាស្រូវ​​ជា​ច្រើន​​ ទាក់​ទង​នឹង​បណ្ដា​ក្រុម​ហ៊ុន និង​បុគ្គល​ល្បី​ៗ​។

ក៏ប៉ុន្តែ តម្លៃ​ខ្ពស់​បំផុត​មិន​អាច​ស្ថិត​នៅ​​បាន​យូរ ក្នុង​នោះ Bitcoin បាន​បាត់​បង់ជាង 1,000 ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​មួយ​នាទី ហើយ​ក៏​​បន្ត​ធ្លាក់​ថ្លៃ​។ ចាប់​ពី​វេលា​ទៀបភ្លឺ​ថ្ងៃ​នេះ តម្លៃ​របស់​ Bitcoin ភាគ​ច្រើន​ត្រូវ​បាន​ជួញ​ដូរ​ក្រោម​ 64,000 ដុល្លារ​ ហើយ​មាន​ពេល​ខ្លះ​ក៏​ធ្លាក់​ដល់​ក្បែរ 59,300 ដុល្លារ​។

ការ​ធ្លាក់​ថ្លៃ​នេះត្រូវ​បាន​គេ​ជឿ​ថា ដោយ​សារ​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ដាក់​លក់​ Bitcoin នៅ​ពេល​តម្លៃ​របស់​វា​ឡើង​ខ្ពស់​ខ្លាំង​។ ក្រៅ​ពី​នេះ ក្រុមអ្នក​​ «ជីករកកាក់-Miner» (Miner នៅ​ទី​នេះ​គឺ​ជា​អ្នក​គ្រប់​គ្រង​បណ្ដា​ម៉ាស៊ីន​ «ជីក​កាក់» (ន័យ​ធៀប) ដើម្បី​រក​កម្រៃ​ តាម​រយៈ​ការ​ផ្ដល់​អានុភាព​ដល់​ការ​គណនា​ដើម្បី​ធ្វើ​ការ​បញ្ជាក់​អំពី​ការ​ជួញដូរ​​សម្រាប់​បណ្ដាញ​រូបិយវត្ថុ​ឌីជីថល់​គ្រីបស្តូ) ក៏​បង្ក​សម្ពាធ​ដល់​តម្លៃ​របស់​ Bitcoin ផងដែរ​ នៅ​ពេល​ Bitcoin មួយ​ចំនួន​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ផ្សារ​រូបិយវត្ថុ​ឌីជីថល់​ផ្សេង​៕

Advertisement