កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

ធនាគារ​ជាតិ​កាមេរូន និង​រោង​ចក្រ​​ស្ល​កាក់​ប្រាក់​ប៉ូឡូញ Mennica Polska ថ្មី​ៗ​នេះ​បាន​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​កាក់​ UFO MP-1766 ដែល​ជា​ឧបករណ៍​ហោះ​ហើរ​ស្រប​ច្បាប់​ដំបូង​គេ​លើ​ពិភពលោក​។

យោង​តាម​ទំព័រ Oddity Central (អង់គ្លេស) ឈ្មោះ​របស់​កាក់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តាម​លំនាំ​នៃ​ថាស​ហោះ​ និង​សមត្ថភាព​វិល​យឺត​ក្នុង​អាកាស​ដូច​ទៅ​នឹង​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្កាយ (UFO)​។ ចំណែក​លេខ 1766 គឺជា​ថ្ងៃ​បង្កើត​នាយកដ្ឋាន​ស្លកាក់​ប្រាក់​ប៉ូឡូញ​ ក៏​ដូច​ជា​តម្លៃ​របស់​កាក់​ 1,766 ហ្វ្រង់កាមេរូន ដែល​ប្រហែល​នឹង 2.91 ដុល្លារ​អាម៉េរិក​។

កាក់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កាមេរូន​។ ជាង​នេះ តម្លៃ​របស់​វា​ក៏​ខ្ពស់​ជាង​បើ​ធៀប​នឹង​តម្លៃ​ផ្លូវ​ការ​របស់​វា​។ ដោយ​សារ​តែ​បរិមាណ​មាន​កំណត់ត្រឹម​តែ​ 510 កាក់ ​នៅ​ទូទាំង​សកល​លោក​ មួយ​កាក់ UFO MP-1766 មាន​តម្លៃ​ជាង 1,000 ដុល្លារ​អាម៉េរិក​ នៅ​ពេល​កក់​មុន​។

Mennica Polska មិនទាន់​​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នៅ​ពី​ក្រោយ UFO MP-1766 ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែលបាន​​លេច​ធ្លាយ​ កាក់​នេះ​ត្រូវ​បាន​បំពាក់​កូន​ម៉ាស៊ីន​មួយ​គ្រឿង​នៅ​ខាង​ក្នុង និង​ត្រូវ​បញ្ឆេះ​ដោយ​កម្លាំង​ម៉ាញ៉េទិច​​ដែល​បង្កើត​ឡើង​រវាង​កាក់ និង​រចនា​សម្ព័ន្ធ​ពិសេស​ដែល​អម​ជាមួយ​។ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​កាក់ UFO MP-1766 អាច​បណ្ដែត​ខ្លួន​ និង​វិល​ដូច​ទៅ​នឹង​ថាស​ហោះ (UFO)។

ក្រៅ​ពី​នេះ UFO MP-1766 ក៏​ត្រូវ​បាន​បំពាក់​សមាសធាតុ​ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ទីងងឹត​ ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​៕

Advertisement