ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។

យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។

បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

Advertisement