ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

សភាជាន់​ទាប​ថៃ កាល​ពី​ថ្ងៃទី 05 មករា 2024 បាន​បោះ​ឆ្នោត​អនុម័ត​យល់​ស្រប​នឹង​ការ​អាន​ដំបូង​នូវ​សេចក្ដី​ស្នើ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ​ 2024​ ដែល​មាន​តម្លៃ​សរុប​ជាង 101 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រចំនួន 311 សំឡេង, ប្រឆាំង 177 សំឡេង និង​អនុបវាទ 4 សំឡេង​។

សភា​ជាន់​ទាប​ថៃ បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2024 ក្រោយ​ពី​ការ​ជជែក​តឹង​សរសៃ​ក​​រយៈ​ពេល​បី​ថ្ងៃ​ (3-5 មករា) រវាង​សម្ព័ន្ធ​ភាព​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​។

យោង​តាម​គោលការណ៍ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​ជាន់​ទាប​ថៃ​ពិភាក្សា​ និង​អនុម័ត​ទៅលើ​ការ​អាន​ខ្លឹម​សារ​ជា​លើក​ទីពីរ និង​ទីបី​ នៅ​ក្នុង​ថ្ងៃទី 3 និង​ទី 4 ខែ​មេសា​ខាងមុខ​។ ក្រោយ​មក សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវបញ្ជូន​ឡើង​ទៅកាន់​សភា​ជាន់​ខ្ពស់​ និង​ព្រះ​មហា​ក្សត្រ​ថៃ ដើម្បី​ពិនិត្យ​ អនុម័ត​នៅ​ក្នុង​ខែ​ឧសភា 2024​។

តាម​ការ​គណនា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 របស់​រាជរដ្ឋាភិបាល​ថៃ មាន​តម្លៃ​សរុប​ 3.48 លាន​លាន (ទ្រីលាន) ​បាត (ប្រហែល​នឹង 101.46 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ខណៈ​ដែល​ប្រភព​ចំណូល​ក្នុង​ឆ្នាំ​គ្រោង​នឹង​សម្រេច​បាន 2.787 លាន​លាន​បាត (ប្រហែល 81.25 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។

ឆ្នាំ​សារពើពន្ធ​ 2024 របស់​ប្រទេស​ថៃ ជាក់​ស្ដែង​បាន​ចាប់​ផ្ដើម​ពីថ្ងៃទី 01 តុលា 2023​។ ការ​យឺត​យ៉ាវ​នៃ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 គឺ​ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ 2023​ ក៏ដូច​ជា​ដំណើរ​ការ​បង្កើត​សភា​ជាន់​ទាប និង​រាជរដ្ឋាភិបាល​ ក្រោយ​ការ​បោះ​ឆ្នោត​នេះ៕

Advertisement