ស្ត្រីដំបូងគេ​លើ​ពិភពលោក​​ដែល​មាន​ទ្រព្យ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក

Francoise Bettencourt Meyers ដែល​ជា​ស្ត្រី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​លើ​ពិភពលោក ទើប​តែ​បាន​ក្លាយ​ជា​ស្ត្រី​ដំបូងគេ​បង្អស់​​ដែល​មាន​ទ្រព្យ​ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

យោង​តាម​បញ្ជី​ចំណាត់ថ្នាក់​មហា​សេដ្ឋី Bloomberg Billionaire’s Index គិត​ត្រឹម​ថ្ងៃទី 28 ធ្នូ 2023 អ្នក​ស្រី Francoise Bettencourt Meyers ដែល​ជា​អ្នក​ស្នង​មរតក​ក្រុម​ហ៊ុន L’Oreal បាន​ក្លាយ​ជា​មហា​សេដ្ឋិនី​ដំបូង​គេ​លើ​ពិភពលោក ដែល​មាន​ទ្រព្យ​ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

បច្ចុប្បន្ន អ្នក​ស្រី​គឺជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី 12 លើ​ពិភពលោក​ និង​នៅ​ពីលើ​មហា​សេដ្ឋី​ឥណ្ឌា លោក Mukesh Ambani​ ទៀត​ផង។ ចាប់​ពី​ដើម​ឆ្នាំ​ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រី​បាន​កើន​បន្ថែម 28.6 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ L’Oreal កើន​ឡើង 35%​។

ចំណែក​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes ក៏​បាន​ឱ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រី Bettencourt Meyers កើន​ជិត​ដល់ 100 ពាន់​លាន​ដុល្លារ​ ពោល​គឺ​ 99.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

L’Oreal Group គឺជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​សម្អាង​ធំបំផុត​លើ​ពិភពលោក ដោយ​មាន​យីហោ​ជា​ច្រើន មាន​ដូច​ជា Lancome និង Maybelline ជា​ដើម​។ កាល​ពី​ឆ្នាំ 2022 ក្រុម​ហ៊ុន​នេះ​រក​បាន​ប្រាក់​ចំណូល​​ជាង 38 ពាន់​លាន​អឺរ៉ូ ដែល​ស្មើ​នឹង 42 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

Advertisement