ឡាវ​ដំណើរ​ការ​​កម្មវិធី​ «ផ្ទេរ​ប្រាក់ដោយ​ងាយ​» ​សម្រាប់​ពលករ​នៅ​បរទេស

ពលករ​ ពលការិនី​ឡាវ​ ទៅ​ធ្វើ​ការ​នៅ​កូរ៉េខាងត្បូង

កាល​ពី​ពេលថ្មី​ៗ​នេះ ធនាគារ​ជាតិ​ឡាវ (BOL) ទើប​តែ​បាន​សហការ​ជាមួយ​ក្រសួង​ការ​ងារ​ និង​សុខុមាល​ភាព​សង្គម ដាក់​ឱ្យ​ដំណើរ​ការ​យន្តការ​​គ្រប់​គ្រង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​សម្រាប់​ពលករ​ឡាវ​នៅ​បរទេស​ និង​ពលករ​បរទេស​នៅ​ប្រទេស​ឡាវ​។

ក្នុង​ដំណាក់​កាល​ដំបូង​នៃកម្មវិធី​នេះ ភាគី​ទាំង​ឡាយ​នឹង​ដំណើរ​ការ​សាកល្បង​នូវ​បណ្ដាញ​ផ្ទេរ​ប្រាក់​រវាង​ប្រទេស​ឡាវ និង​ប្រទេស​កូរ៉េខាងត្បូង​ តាម​រយៈ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ធនាគារ​ពាណិជ្ជកម្ម​បរទេស​ឡាវ និង​ក្រុម​ហ៊ុន​ GLN របស់​កូរ៉េខាងត្បូង​ ក្នុង​បំណង​ជួយ​ដល់​ពលករ​ឡាវ​នៅ​កូរ៉េខាងត្បូង​អាច​ផ្ញើ​ប្រាក់​របស់​ខ្លួន​មក​កាន់​គ្រួសារ​ដោយ​មាន​ភាព​ងាយ​ស្រួល​។

បច្ចុប្បន្ន ពលករ​ឡាវ​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​បើក​គណនី​ធនាគារ​នៅ​បរទេស​ ដោយ​សារ​តែ​ត្រូវ​បំពេញ​លិខិត​ស្នាម​ច្រើន​បែប​ច្រើន​យ៉ាង​ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ នាំ​ឱ្យ​មាន​សេវាកម្ម​ផ្ទេរ​ប្រាក់​មិន​ស្រប​ច្បាប់ និង​បង្ក​ការ​ខាត​បង់​ដល់​ពលករ​។

គម្រោង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យន្តការ​សហប្រតិបត្តិការ​ដ៏ល្អ​រវាង​ពីរ​ស្ថាប័ន​នៃរដ្ឋាភិបាល​ឡាវ ក្នុង​ទិស​ដៅ​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលករ​​ ពលការិនី​ នៅ​ក្នុង​ការ​ផ្ញើ​ប្រាក់​មក​ស្រុក​ លើក​ទឹក​ចិត្ត​ឱ្យ​មាន​សកម្មភាព​ទូទាត់​​ក្នុង​បណ្ដាញ​ធនាគារ​ រក្សា​លំនឹង​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​កាត់បន្ថយ​លំហូរ​ហិរញ្ញវត្ថុ​មិន​ស្រប​ច្បាប់​៕

Advertisement