ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

លោក Elon Musk

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​។

The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 កក្កដា​ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាសនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​»។

លោក Elon Musk បក​ស្រាយ​ថា ការ​ទូទាត់​ប្រាក់​លើ​ X នឹង​កែ​ប្រែ​ទាំង​ស្រុង​នូវ​វិធី​ផ្ទេរ​ប្រាក់​របស់​អ្នក​ប្រើប្រាស់​។ បើ​សិន​អ្នក​លេង​បណ្ដាញ​សង្គម​ X ណា​ម្នាក់​ចង់​ផ្ញើ​លុយ 20 ដុល្លារ​ឱ្យ​មិត្ត​ភក្ដិ ពួក​គេ​នឹង​មិន​ចាំបាច់​មាន​គណនី​ធនាគារ​ឡើយ​។

ទាក់​ទង​នឹង​រឿង​នេះ​ដែរ CEO របស់​ X អ្នកស្រី Linda Yaccarino ក៏​បាន​ចាត់​ទុក​ថា ឱកាស​នេះ​នឹង​អាច​អនុវត្ត​បាន​ចាប់​ពី​ឆ្នាំ 2024​។

យោង​តាម The Verge លោក Elon Musk ចង់​ផ្ដួល​ PayPal ដែល​លោក​បាន​បង្កើត​ឡើង​កាល​ពី​ពីរ​ទសវត្សរ៍​មុន​។ គំនិត​របស់​ម្ចាស់​ Tesla ដែល​ចង់​ឱ្យ X ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ បាន​ដក់​ជាប់​ក្នុង​បេះដូង​របស់​គាត់​ ហើយ​គាត់​បាន​និយាយ​អំពី​រឿង​នេះ​តាំង​ពី​កិច្ច​ប្រជុំ​ដំបូង​នៅ​ Twitter ៕

Advertisement