ពិភពលោក​រក​ចំណូល​បន្ថែម​បាន​ 250 ពាន់​លាន​ដុល្លារ​ បើ​សិនក្រុម​មហា​សេដ្ឋី​ត្រូវ​បាន​​យក​ពន្ធ​​អប្បបរមា

គម្រោង​ស្រាវជ្រាវ​ EU Tax Observatory បាន​រក​ឃើញ​ថា ប្រទេស​នានា​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​រាប់​​រយ​ពាន់​លាន​​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ បើ​សិន​យក​ពន្ធ​អប្បបរមា​ 2% នៅ​ទូទាំង​សកល​លោក​ចំពោះ​ក្រុម​មហា​សេដ្ឋី​។

នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី 23 តុលា 2023 EU Tax Observatory យល់​ថា ដោយ​គ្រាន់​តែ​យក​ពន្ធ​ 2% ចំពោះ​ទ្រព្យ​សម្បត្តិ​ជិត 13 ទ្រីលាន​ (13,000,000,000,000) ដុល្លារ​អាម៉េរិក​ របស់​មហាសេដ្ឋី​ 2,700 នាក់​នៅ​ទូទាំងផែនដី ពិភពលោក​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​ 250 ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុប្បន្ន ជាក់​ស្ដែង​ អត្រាពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល​​របស់ក្រុម​​មហា​សេដ្ឋី​ គឺទាប​ជាង​ឆ្ងាយ​​ បើ​ធៀប​នឹង​ក្រុម​ដទៃ​ ដោយ​សារ​តែ​ពួក​គេ​អាច​ទុក​ដាក់​ទ្រព្យ​ទៅ​ក្នុង​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ ដើម្បី​គេច​ពន្ធ​។

ស្ថាប័ន​ខាង​លើ​បាន​រកឃើញ​ថា ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​មហា​សេដ្ឋី​អាម៉េរិក​ គឺប្រហែល​តែ​ 0.5% ប៉ុណ្ណោះ​។ នៅ​បណ្ដា​ប្រទេស​ដូច​បារាំង​ជា​ដើម អត្រា​នេះ​គឺប្រហែល 0%​។

EU Tax Observatory ឱ្យ​ដឹង​ថា ការ​ប្រឹង​ប្រែង​ដើម្បី​យក​ពន្ធ​លើ​ទ្រព្យ​របស់ក្រុម​អ្នក​មាន​ជាង​គេ​​នៅទូទាំង​សកល​លោក​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត​។ ក៏ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ បើ​ទោះ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​តម្លៃ​មូលធន​របស់​ក្រុម​​ហ៊ុន​ឯក​ជន​៕

Advertisement