ប្រាក់ដុល្លារ​អាម៉េរិក​បន្ត​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ

កាល​ពី​​ថ្ងៃ​ចន្ទ​ (18 កញ្ញា) រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​​ប្រែប្រួល​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​អំឡុង​ 6​ ខែ​ គ្រាដែល​អ្នក​ជំនួញ​កំពុង​រង់​ចាំ​ការ​សម្រេច​នានា​ដែល​ទាក់​ទិន​នឹង​ការ​ប្រាក់​ពី​ធនាគារ​កណ្ដាល​អាម៉េរិក,​ ធនាគារ​អង់គ្លេស និង​ធនាគារ​ជប៉ុន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ។

ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ ហាក់​មិន​មាន​ការ​ប្រែ​ប្រួល​បើធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​ ដោយ​ 1 អឺរ៉ូ​ ប្ដូរ​បាន​ 1.0658 ដុល្លារ​អាម៉េរិក​។ ចំណែក​រូបិយប័ណ្ណ​យ៉េន​របស់​ជប៉ុន ក៏​មាន​ការ​ប្រែ​ប្រួល​តិច​តួច ដោយ​ 1 ដុល្លារ​អាម៉េរិក ប្ដូរ​បាន​ 147.69 យ៉េន ព្រោះ​តែ​អ្នក​ជំនួញ​នៅ​ប្រទេស​នេះ​ឈប់​សម្រាក​។

ប្រការ​ខាងលើ​នេះ​បាន​នាំ​ឱ្យ​សន្ទស្សន៍​ប្រាក់​ដុល្លារ​អាម៉េរិក (U.S. Dollar Index) ដែល​តាម​ដាន​ការ​ប្រែ​ប្រួល​របស់​រូបិយប័ណ្ណ​នេះ​ធៀប​នឹង​រូបិយប័ណ្ណ​ចំនួន​ 6 ផ្សេង​ទៀត​ រួម​មាន​ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជា​ដើម មាន​ការ​កើន​ឡើង​តិច​តួច​ (105.32)។​

សន្ទស្សន៍​ U.S. Dollar Index បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​ 9 សប្ដាហ៍​កន្លង​ ​​​នៅ​ពេល​សេដ្ឋកិច្ច​អាម៉េរិក​បន្ត​បង្ហាញ​​ភាព​ខ្លាំង​ក្លា​។ វា​បាន​ឡើង​ដល់​ចំណុច​កំពូល​ 104.53 កាល​ពី​ថ្ងៃ​ទី 14 កញ្ញា​ ជា​កម្រិត​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា 2023​។

អត្រាប្តូរប្រាក់បរទេសនៅថ្ងៃនេះ

Alvin Tan ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្ដូរប្រាក់បរទេសអាស៊ី​នៅ​ RBC Capital Markets ឱ្យ​ដឹង​ថា «ជារួម យើង​ជឿ​ជាក់​លើ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក។ សេដ្ឋកិច្ច​សហរដ្ឋ​អាម៉េរិក​កំពុង​ដំណើរ​ការ​ល្អ​ជាង​អឺរ៉ុប និង​អាស៊ី​ ពិសេស​គឺ​ប្រទេស​ចិន​»។

អ្នក​ជំនួញ​ កាលពី​ថ្ងៃទី 18 កញ្ញា កំពុង​តែរង់​ចាំ​ការ​សម្រេច​មួយ​ចំនួន​របស់​ធនាគារ​កណ្ដាល​​នានា​នៅ​ចុង​សប្ដាហ៍ ​ដែល​អាច​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​រូបិយប័ណ្ណ​។ អ្នក​វិនិយោគ​រំពឹង​ថា ធនាគារ​កណ្ដាល​អាម៉េរិក​នឹង​រក្សា​ការ​ប្រាក់​ត្រឹម 5.25% ដល់ 5.5% ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20 កញ្ញា 2023​។

Advertisement