រវាង​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប មួយ​ណា​មាន​អ្នក​មាន​​ច្រើន​ជាង​គេ​?

Bernard Arnault – 201.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ (ឆ្វេង) និង Gautam Adani - 124.8 ពាន់​លាន​ដុល្លារ​អាម៉េរិក

ទ្វីប​អាស៊ី​នៅ​តែ​មាន​អ្នក​មាន​​ច្រើន​ជាង​ទ្វីប​អឺរ៉ុប ដោយ​គ្រាន់​តែ​នៅ​ពី​ក្រោយ​តំបន់​អាម៉េរិក​ខាង​ជើងប៉ុណ្ណោះ បើ​ទោះ​ជា​ចំនួន​អ្នក​មាន​​នៅ​ក្នុង​បណ្ដា​ទ្វីប​ បាន​ថយ​ចុះ​ច្រើន​បំផុត​​កាល​ពី​ឆ្នាំ​ 2022​។

យោង​តាម​របាយ​ការណ៍​ World Ultra Wealth 2023 របស់​ក្រុម​ហ៊ុន​ Altrata (អង់គ្លេស) ចំនួន​អ្នក​មាន​នៅ​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ 2022 គឺ 108,370 នាក់​ ថយ​ចុះ​ជិត 11% បើ​ធៀប​នឹង​ឆ្នាំ 2021​ ហើយ​ក៏​ជា​ការ​ថយ​ចុះ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ទ្រព្យសរុប​របស់​ក្រុម​នេះ​បាន​ថយ​ចុះ​ 10.6%​ ធៀប​នឹង​ឆ្នាំ​មុន​។ របាយការណ៍​នេះ​កំណត់​ថា អ្នក​មាន​គឺជា​បុគ្គល​ដែល​មាន​ទ្រព្យ​សុទ្ធ​ចាប់​ពី 30 លាន​ដុល្លារ​អាម៉េរិក​។

​អ្នក​មាន​នៅ​ទ្វីប​អាស៊ី​មានចំនួន​ច្រើន​ជាង​ទ្វីប​អឺរ៉ុប ជា​ទី​ដែល​មានអ្នក​មាន​​តែ​ 100,850 នាក់ ថយ​ចុះ​ជាង 7% ធៀប​នឹង​ឆ្នាំ 2021​។ យោង​តាម​របាយការណ៍​ ចំនួន​អ្នក​មាន​នៅ​អាស៊ី​បាន​កើន​លើស​ទ្វីប​អឺរ៉ុប​ជា​លើក​ដំបូង​កាល​​ពី​ឆ្នាំ 2019​។ មក​ដល់​ឆ្នាំ 2022 ក្រុម​អ្នក​មាន​នៅ​អាស៊ី​​មាន​ទ្រព្យ​សរុប​ 12,130,000,000,000 (12.13 ទ្រីលាន) ​ដុល្លារ​អាម៉េរិក​ ខណៈ​អឺរ៉ុប​មាន​ 11.73 ទ្រីលាន​​ដុល្លារ​។

​ចំនួន​អ្នក​មាន​នៅ​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​បន្ត​ទៀត​ក្នុង​រយៈ​ពេល​ 5 ឆ្នាំ​ខាង​មុខ​។ ប្រការ​នេះ​កើត​ឡើង​ដោយ​សារ​តែ​សេដ្ឋកិច្ច​របស់​ឥណ្ឌា ក៏​ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​ពង្រីក​ខ្លួនចេញ​​ផុត​ពី​ទីផ្សារ​ចិន​ទៅ​កាន់​ទីផ្សារ​ដទៃ​ក្នុង​តំបន់​៕

Advertisement