Elon Musk ដណ្ដើមបាន​មកវិញ​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក

​ភាគហ៊ុន Tesla ឡើងថ្លៃ ​ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk កាលពី​ម្សិលមិញកើន​ដល់ 187.1 ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ទ្រព្យ​របស់​មហាសេដ្ឋី​បារាំង Bernard Arnault។

យោងតាម​តារាង​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក Bloomberg Billionaires Index បច្ចុប្បន្ន អគ្គនាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk មានទ្រព្យ 187.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​ច្រើនជាង 2 ពាន់​លាន​ដុល្លារ​ធៀប​នឹង​ទ្រព្យ​របស់​ម្ចាស់ LVMH លោក Bernard Arnault។ ដូច្នេះ លោក Musk ក៏​ដណ្ដើមបាន​មកវិញ​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក បន្ទាប់ពី​បាត់បង់​អស់​រយៈពេល​ជាង 2 ខែ។

ទ្រព្យ​របស់លោក Musk កើន​ជិត 7 ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃទី 27 កុម្ភៈ ដោយសារតែ​ភាគហ៊ុន Tesla ឡើងថ្លៃ​ជាង 5% ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ។ ជា​សរុប រាប់​ចាប់ពី​ដើមឆ្នាំ​មកនេះ លោក Musk រកបាន​ប្រាក់ 50 ពាន់​លាន​ដុល្លារ ខណៈដែល​ទ្រព្យ​របស់លោក Bernard កើន​តែ 23 ពាន់​លាន​ប៉ុណ្ណោះ៕

Advertisement