JP Mancini II បោះបង់អាជីពជាអ្នកលក់រថយន្ត រួចខ្ចីប្រាក់ធនាគារទិញកូននាវាដើម្បីទុកជួលឱ្យគេ និងរកបានប្រាក់ចំណូលអកម្មជិត 40,000 ដុល្លារអាម៉េរិករៀងរាល់ខែ។
JP Mancini II គឺជាបុគ្គលិកផ្នែកលក់មួយរូបមានអាយុ 32 ឆ្នាំ រស់នៅ Virginia សហរដ្ឋអាម៉េរិក។ គាត់ចូលចិត្តរបស់ថ្លៃៗ ប៉ុន្តែមិនមានលទ្ធភាពទិញ ដូច្នេះក៏សម្រេចចិត្តខ្ចីប្រាក់ធនាគារដើម្បីទិញ និងដាក់ឱ្យជួល។
កាលពីខែមករា 2021 គាត់ឱ្យគេជួលកូននាវាតម្លៃ 400,000 ដុល្លាររបស់គាត់ដែលស្ថិតនៅក្នុងរដ្ឋ Florida។ បន្ទាប់ពីបង្ហោះពពាយនាយជួលនៅលើទំព័រ Boatsetter លោក Mancini ក៏ទទួលបានសំណើជួលចំនួន 11 ក្នុងរយៈពេលមួយខែ។ តួលេខនេះបានកើនទ្វេដងក្នុងខែបន្ទាប់។
ដោយមើលឃើញឱកាស គាត់ក៏ចាប់ផ្ដើមផ្សព្វផ្សាយលើទំព័រជួលសម្ភារៈដទៃទៀតមានដូចជា Get My Boat ជាដើម ហើយទិញកូននាវាតូចជាងមុនមួយគ្រឿងទៀតដើម្បីដាក់ឱ្យជួលនៅ Hampton, Virginia ជាកន្លែងដែលគាត់កំពុងរស់នៅ។

បច្ចុប្បន្ន កូននាវាទាំងពីរគ្រឿងរបស់គាត់ រកប្រាក់ចំណូលឱ្យគាត់ជាមធ្យមបាន 38,800 ដុល្លារអាម៉េរិកក្នុងមួយខែៗ ក្នុងគ្រាដែលគាត់ធ្វើការតែកន្លះម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
កាលពីឆ្នាំកន្លង JP Mancini II ឱ្យដឹងថា រកបានប្រាក់ចំណេញ 190,000 ដុល្លារ ក្រោយពីបានទូទាត់ការចំណាយនានាសម្រាប់នាវារបស់គាត់។ តួលេខនេះតិចជាង 100,000 ដុល្លារ បើធៀបជាមួយនឹងប្រាក់ចំណូលអតិបរមារបស់គាត់កាលនៅធ្វើការឱ្យគេ ប៉ុន្តែពេលវេលាធ្វើការបច្ចុប្បន្ន ខ្លីជាងឆ្ងាយណាស់។
ជំនួសឱ្យការយកប្រាក់ខាងលើទៅសងបំណុល 550,000 ដុល្លារដែលគាត់បានខ្ចីយកមកទិញកូននាវាទាំងពីរគ្រឿងនេះភ្លាមៗ JP Mancini II ប្រាប់ថា នឹងទិញកូននាវាសម្រាប់ជួលបន្ថែមទៀត ហើយប្រើប្រាស់រាល់ឱកាសដទៃទៀតដែលបានពីអចលនទ្រព្យដើម្បីពង្រីកមុខរបរ៕