អ៊ី​ឡុ​ន ម៉ាស ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​លោក​ដែល​បាត់បង់​ប្រាក់ 200 ពាន់​លាន​ដុល្លារ

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក អ៊ីឡុន ម៉ាស

មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ឈាន​ចូលឆ្នាំថ្មី​ជាមួយនឹង​ទ្រព្យ 137 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយចុះ​ជាង 200 ពាន់​លាន​ដុល្លារ ធៀប​នឹង​មួយឆ្នាំ​មុន​នោះ។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែល​បានផ្សាយកាលពី​ថ្ងៃទី 31 ធ្នូ 2022 មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស មានទ្រព្យ​តម្លៃ 137 ពាន់​លាន​ដុល្លារ ថយចុះ 203 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង 340 ពាន់​លាន​ដុល្លារ​កាលពី​ខែវិច្ឆិកា 2021។ ប្រការនេះ​ធ្វើឱ្យ​លោក​ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក​ដែល​បាត់បង់​ទ្រព្យ​ជាង 200 ពាន់​លាន​ដុល្លារ។

លោក ម៉ាស កាលពី​ខែមករា 2021 បាន​ក្លាយជា​មនុស្ស​ទី​ពី​រលើ​ពិភពលោក​ដែលមាន​ទ្រព្យ​ជាង 200 ពាន់​លាន​ដុល្លារ បន្ទាប់ពី​ម្ចាស់ Amazon លោក ជេ​ហ្វ​បេ​ហ្សូ​ស (Jeff Bezos) ឡើងដល់​ចំណុច​នេះ​បាន​មួយខែ។ លោក ម៉ាស បាន​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អ្នកមាន​ជាងគេ​លើ​ពិភពលោក ស្ទើរ​ពេញ​មួយឆ្នាំ 2022 ប៉ុន្តែ បាន​ធ្លាក់​មក​នៅ​លំដាប់​ទី​ពីរ​កាលពី​ខែធ្នូ 2022។

ទ្រព្យសម្បត្តិ​ភាគច្រើន​របស់លោក ម៉ាស គឺ​បានមកពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់​ជាង 1 ទ្រី​លានដុល្លារ​ កាលពី​ខែវិច្ឆិកា 2021 ស្មើ​មុខមាត់​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗលើ​ពិភពលោក មានដូចជា Apple, Microsoft, Amazon និង Google ជាដើម។

ក៏ប៉ុន្តែ ភាគហ៊ុន Tesla បាន​បាត់បង់​តម្លៃ​ជិត 70% ក្នុង​ឆ្នាំ 2022 ដោយសារតែ​មូលហេតុ​ដែល​ត្រូវបាន​គេ​គិតថា ជាប់​ទាក់ទិន​នឹង​ករណី​ទិញ​បណ្ដាញ​សង្គម Twitter នាំឱ្យ​មហាសេដ្ឋី​អាម៉េរិក​រូបនេះ​បាត់បង់​ទ្រព្យ​អស់​ជាង 100 លាន​ដុល្លារ។

ការណ៍​ដែល​​ភាគហ៊ុន Tesla ចុះថោក និង​ការលក់​ភាគហ៊ុន​ដើម្បី​យកប្រាក់​ទៅ​ទិញ Twitter បាន​ធ្វើឱ្យ Tesla លែង​នៅ​ជា​ក្រុមហ៊ុន​ធំជាងគេ​របស់លោក ម៉ាស។ លោក ម៉ាស កំពុង​កាន់កាប់​ភាគហ៊ុន 42.2% របស់​ក្រុមហ៊ុន​ផលិត​រ៉ុក្កែត SpaceX ដែល​ស្មើនឹង 44.8 ពាន់​លាន​ដុល្លារ ខណៈ​នៅ Tesla លោក ម៉ាស កាន់កាប់ 44 ពាន់​លាន​ដុល្លារ។

មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង បាន​ច្រានចោល​ការព្រួយបារម្ភ​នានា​អំពី Tesla និង​បាន​រិះគន់​ចំពោះ​ ធនាគារកណ្ដាល​អាម៉េរិក ដែល​បាន​ដំឡើង​ការប្រាក់​ជា​បន្តបន្ទាប់។ «Tesla កំពុងដំណើរការ​ល្អជា​ងពេលណាៗទាំងអស់។ យើង​មិន​គ្រប់គ្រង ធនាគារកណ្ដាល​អាម៉េរិក នោះ​ទើប​ជា​បញ្ហា​ពិតប្រាកដ» លោក អ៊ី​ឡុ​ន ម៉ាស សរសេរ​លើ Twitter កាលពី​ពាក់កណ្ដាល​ខែធ្នូ 2022 ដូច្នេះ៕

Advertisement