មហាសេដ្ឋី 5 រូប​ដែល​រកប្រាក់​បន្ថែម​បាន​ច្រើនជាងគេបង្អស់​ក្នុង​ឆ្នាំ 2022

មហាសេដ្ឋី​ឥណ្ឌា លោក Gautam Adani

មហាសេដ្ឋី​ស្ទើរតែ​ទាំងអស់​នៅលើ​ពិភពលោក ក្នុងឆ្នាំនេះ សុទ្ធតែ​បាត់បង់​ប្រាក់​យ៉ាងច្រើន ប៉ុន្តែ នៅតែមាន 5 រូប​នៅ ទ្វីបអាស៊ី ដែល «ខុសគេ» ដោយ​រកប្រាក់​បន្ថែម​បាន​ជិត 100 ពាន់​លាន​ដុល្លារ​អាម៉េរិក។

2022 គឺជា​ឆ្នាំ​ដែល​ប្រកបដោយ​ការប្រែប្រួល​សម្រាប់​ក្រុម​អ្នកមានកំពូលៗរបស់​ពិភពលោក។ យោងតាម Forbes មហាសេដ្ឋី​ទាំងឡាយ បាន​បាត់បង់​ប្រាក់​ជាង 1.9 ទ្រី​លាន​ដុល្លារ​អាម៉េរិក ដែល​ភាគច្រើន​ដោយសារតម្លៃ​ភាគហ៊ុន​ចុះថោក ខណៈដែល​អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង និង​កំណើនសេដ្ឋកិច្ច​ត្រលប់​ជា​យឺត​ទៅវិញ។

ក្នុង​គ្រា​ដែល​សេដ្ឋកិច្ចពិភពលោក​មាន​ឱនភាព​រួម មហា​សេដ្ឋកិច្ច​មួយ​ភាគ​តូច​បែរជា «ដើរ​បញ្ច្រាសទិស»។ មហាសេដ្ឋី 5 រូប​ដែលមាន​ទ្រព្យ​កើនឡើង​សរុប​ជាង 93 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2022 ​សុទ្ធតែជា​ជនជាតិ​អាស៊ី។

អ្នក​​ដែល​នាំមុខគេ​នៅក្នុង​បញ្ជី​នេះ​គឺ មហាសេដ្ឋី​ឥណ្ឌា លោក Gautam Adani។ គាត់​គឺជា​ប្រធាន​ក្រុមហ៊ុន Adani ដែល​រកស៊ី​ក្នុង​ពហុ​វិស័យ។ កាលពី​ខែកុម្ភៈ លោក Adani បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ អាស៊ី និង​ទី 10 លើ​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 90.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។ យោងតាម Forbes ថ្ងៃទី 09 ធ្នូ 2022 លោក Adani រកបាន​ប្រាក់ 55 ពាន់​លាន​ដុល្លារ​ថែមទៀត ធៀប​នឹង​ដើមឆ្នាំ។

Low Tuck Kwong គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​ខ្ពស់​លំដាប់​ទី​ពីរ (16 ពាន់​លាន​ដុល្លារ) ក្នុងឆ្នាំនេះ។ ​ដោយ​សារ​ទ្រព្យ​​ថ្មី​ ​មហាសេដ្ឋី​ជា​ពលរដ្ឋ​ឥណ្ឌូណេស៊ី នេះ កំពុងមាន​ទ្រព្យ 18.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក Low ក៏ត្រូវ​បានចាត់ទុក​ថា​ជា​ស្ដេច​រ៉ែ​ធ្យូងថ្ម​នៅ ឥណ្ឌូណេស៊ី ផងដែរ។

Colin Zheng Huang (ជនជាតិ​ចិន) ស្ថាបនិក​របស់​ផ្សារ​អន​ឡាញ Pinduoduo រកបាន​ជាង 11 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ក្នុងឆ្នាំនេះ។ ភាគហ៊ុន​របស់ Pinduoduo ឡើងថ្លៃ 35% ចាប់ពី​ឆ្នាំ​ដើម។ បច្ចុប្បន្ន Huang មានទ្រព្យ 31.6 ពាន់​លាន​ដុល្លារ។

ទ្រព្យ​របស់ Wu Yiling (ជនជាតិចិន) ផ្សារភ្ជាប់​ជាមួយនឹង Lianhua Qingwen ជា​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ​ជួយ​ព្យាបាល​កូ​វីដ-19 របស់​ក្រុមហ៊ុន Shijianzhuang Yiling Pharmaceutical ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​ចិន។ Wu គឺជា​ប្រធាន​ក្រុមហ៊ុន​នេះ។ ឆ្នាំ 2022 លោក Wu រកបាន​ប្រាក់ 4.1 ពាន់​លាន​ដុល្លារ​បន្ថែមទៀត បន្ទាប់ពី​តម្លៃ​ភាគហ៊ុន Shijiazhuang Yiling កើន 61%។

មហាសេដ្ឋី​ចុងក្រោយ​ក្នុង​បញ្ជី top 5 របស់ Forbes នេះ គឺ​អ្នកមាន​ក្នុង​វិស័យ​ភេសជ្ជៈ​នៅ ឥណ្ឌា Ravi Jaipuria។ ឆ្នាំនេះ ប្រធាន​ក្រុមហ៊ុន RJ Corp រកបាន 3.9 ពាន់​លាន​ដុល្លារ​បន្ថែមទៀត។ Varun Beverages គឺជា​អ្នក​វេច​ខ្ចប់​​ធំ​បំផុត​របស់ PepsiCo នៅលើ​ពិភពលោក។ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងទៀត​របស់ Jaipuria គឺ Devyani International ក៏​កើន 12%។ ក្រុមហ៊ុន​នេះ​កំពុងដំណើរការ​អាហារ​ដ្ឋា​ន​មួយចំនួន​ដូចជា KFC, Pizza Hut និង Costa Coffee ជា​ដើម នៅ ឥណ្ឌា៕

Advertisement