កាលពីថ្ងៃទី ១១ ឧសភា ២០២២ ក្រុមហ៊ុននាំចេញប្រេងធំផុតក្នុងពិភពលោក Saudi Aramco របស់ អារ៉ាប៊ីសាអូឌីត បានយកឈ្នះលើ Apple របស់ អាម៉េរិក ហើយក្លាយជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក។
ជាមួយនឹងតម្លៃភាគហ៊ុនបញ្ចប់ការជួញដូរកាលពីថ្ងៃទី ១១ ឧសភា ថយចុះជិត ១% មកនៅត្រឹម ៤៥.៥ រីយ៉ាល (១២.១៣ ដុល្លារ)/ហ៊ុន ក្រុមហ៊ុនថាមពល Saudi Aramco នៅតែមានតម្លៃមូលធនទីផ្សារឡើងដល់ ៩.១ ទ្រីលាន (៩.១ លានលាន) រីយ៉ាល (២.៤៣០ ទ្រីលានដុល្លារអាម៉េរិក)។ ចំណែកតម្លៃភាគហ៊ុនរបស់ Apple វិញ ថយចុះ ៤.៥% មកនៅត្រឹម ១៤៧.៦៣ ដុល្លារ/ហ៊ុន ដូច្នេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ ធ្លាក់មកនៅត្រឹម ២,៣៩០ ពាន់លាន (ឬ ២.៣៩០ ទ្រីលាន) ដុល្លារអាម៉េរិក។
តម្លៃភាគហ៊ុនរបស់ Saudi Aramco កើនជិត ៣០% ចាប់ពីថ្ងៃទី ២ មករា រហូតដល់បច្ចុប្បន្ន គ្រាដែលភាគហ៊ុនរបស់ Apple ថយចុះជិត ១៦% ចាប់ពីដើមឆ្នាំ ២០២២។
ការដែលតម្លៃប្រេងបានកើនឡើងខ្ពស់ បានជួយឱ្យមូលធនទីផ្សាររបស់ Saudi Aramco ទទួលបានប្រយោជន៍ច្រើន។ ប្រេងឆៅបានឡើងថ្លៃប្រហែល ៦០% រាប់ចាប់ពីឆ្នាំ ២០២១ ដោយសារតែតម្រូវការខ្ពស់ និងសង្គ្រាមនៅ អ៊ុយក្រែន។ ធនាគារមួយចំនួនបានព្យាករថា តម្លៃប្រេងជាធម្យមអាចឡើងដល់ ១២០ ទៅ ១៣៥ ដុល្លារ/ធុងបារ៉ែល ក្នុងឆ្នាំនេះ៕