រូបិយវត្ថុ​ឌីជីថល​ Bitcoin ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រាក់​ស្របច្បាប់​របស់​រដ្ឋ​មួយ​នៅ​ អាម៉េរិក បើសិនជា​បេក្ខភាព​​​​​រូប​នេះ​​ជាប់ឆ្នោត​ជា​អភិបាល​

បេក្ខភាពអភិបាលរដ្ឋ Texas នៃ សហរដ្ឋអាម៉េរិក លោក Don Huffines

បេក្ខភាព​អភិបាលរដ្ឋ Texas នៃ សហរដ្ឋ​អាម៉េរិក លោក Don Huffines បាន​បញ្ជាក់ថា នឹងមាន​គោល នយោបាយ «ត្រួសត្រាយ​ផ្លូវ» ជាច្រើន សម្រាប់​រូបិយវត្ថុ​ឌីជីថល​ប្រភេទ​គ្រីប​តូ Bitcoin បើសិនជា​លោក​បាន​ជាប់ឆ្នោត​នៅ​ខែវិច្ឆិកា ២០២២។

លោក Don Huffines អតីត​តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ដែល​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ដើម្បី​ក្លាយជា​អភិបាលរដ្ឋ Texas បាន​បង្ហោះ​សេចក្ដីព្រាង​គោលនយោបាយ​មួយ​ដែល​គាំទ្រ​ដល់ Bitcoin នៅលើ​គេហទំព័រ​របស់លោក។ លោក​ប្រកាសថា នឹង​ប្រែក្លាយ Texas ឱ្យទៅជា «ឋានសួគ៌» សម្រាប់ Bitcoin នៅពេល​លោក​បាន​ជាប់ឆ្នោត។

«ខ្ញុំ​បាន​វិនិយោគ​ទៅលើ Bitcoin តាំងពី​ច្រើន​ឆ្នាំ​មកនេះ និង​មាន​ទំនុកចិត្ត​លើ​ប្រាក់​ប្រភេទ​នេះ…។ ជា​រដ្ឋ​ដែល​ជឿនលឿន​ក្នុង​វិស័យ​បច្ចេកវិទ្យា ដូច្នេះ Texas ត្រូវតែ​ឈានមុខ​គេ​ក្នុង​ការទទួលយក Bitcoin និង​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ (Cryptocurrency គឺជា​លុយ​ឌីជីថល បង្កើតឡើង​ដើម្បី​ទូទាត់ រវាង​អ្នកមាន​កាក់​គ្រីប​តូ ទៅ​បុគ្គល​ម្នាក់ទៀត ដោយ​មិន​ឆ្លងកាត់​ធនាគារ ហើយ​ត្រូវបាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ដោយ​ទិន្នន័យ​កុំព្យូទ័រ​លក្ខណៈ Cryptography យ៉ាងរឹងមាំ បំណង​រក្សា​សុវត្ថិភាព​កំណត់ត្រា​ប្រតិបត្តិការ ដើម្បី​គ្រប់គ្រង​ការបង្កើត​កាក់​ថ្មី និង​ដើម្បី​បញ្ជាក់​ប្រតិបត្តិ​ការផ្ទេរ​កាក់​រប​ស់​ម្ចាស់​កាក់)» លោក Don Huffines សរសេរ​ដូច្នេះ។

លោក​បន្តថា៖ «ខ្ញុំ​សន្យាថា នឹងធ្វើ​ឱ្យ Texas ក្លាយជា​ចំណុចកណ្ដាល​នៃ Bitcoin របស់​ពិភពលោក និង​ការពារ​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ពី​ការកំណត់​ដ៏​តឹងរឹង​របស់​អាជ្ញាធរ​ស​ហ​ព័ន្ធ»។

នៅក្នុង​សេចក្ដីព្រាង​គោលនយោបាយ​របស់ លោក Don Huffines មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន៖

-បង្កើត​គណៈកម្មការ​គោល​នយោបាយ Bitcoin និង​ប្រាក់​ឌីជីថល​គ្រីប​តូ ដើម្បី​ជ្រើសរើស​រូបិយវត្ថុ​គ្រិ​ប​តូ​មួយចំនួន​ដែល​អាច​ប្រើ​ជា​អន្តរការី​នៅក្នុង​ការជួញដូរ​តម្លៃ​នៅ​រដ្ឋ Texas ជា​ជំនួយ​សម្រាប់​ប្រាក់​ដុល្លារ​អាម៉េរិក​បច្ចុប្បន្ន។

-ទទួលស្គាល់ Bitcoin ជា​ប្រាក់​ស្របច្បាប់​នៅ Texas

-ការពារ Texas ពី​ឥទ្ធិពល​របស់​អាជ្ញាធរ​សហព័ន្ធ…

-ការពារ​អ្នកទទួលយក Bitcoin នៅ Texas…

Advertisement