ប្រទេសអែលសាល់វ៉ាឌ័រ មានគម្រោងសាងសង់ «ទីក្រុង Bitcoin» ដំបូងគេក្នុងពិភពលោក ដោយប្រភពទុនវិនិយោគដំបូងនឹងត្រូវបានប្រមូលពីការបោះផ្សាយមូលបត្របំណុលរបស់ប្រាក់ឌីជីថលមួយនេះ។
ប្រធានាធិបតី Nayib Bukele នៃប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) កាលពីថ្ងៃទី 20 វិច្ឆិកា បានប្រកាសអំពីព័ត៌មានខាងលើនៅក្នុងគ្រាដែលប្រទេសអាម៉េរិកខាងត្បូងនេះ រួមជាមួយនឹងប្រទេសផ្សេងៗក្នុងតំបន់ កំពុងជំរុញការវិនិយោគទៅលើវិស័យប្រាក់ឌីជីថល។
លោក Nayib Bukele បានថ្លែងថា ប្រទេសរបស់លោកនឹងចាប់ផ្ដើមប្រមូលទុនវិនិយោគពីប្រភពមូលបត្របំណុល Bitcoin នៅពេលវាត្រូវបានបោះផ្សាយក្នុងឆ្នាំ 2022។
ទីក្រុងនេះនឹងមានរូបរាងមូល តំណាងឱ្យរូបរាងរបស់កាក់ ហើយនឹងត្រូវបានសាងសង់នៅភាគអាគ្នេយ៍នៃតំបន់ La Unión របស់ប្រទេសនេះ។ នេះបើតាម លោក Nayib Bukele។
ទន្ទឹមនឹងការប្រកាសរបស់មេដឹកនាំនៃ ប្រទេសអែលសាល់វ៉ាឌ័រ ប្រធានយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Blockstream លោក Samson Mow ឱ្យដឹងថា ចំពោះមុខ អែលសាល់វ៉ាឌ័រ នឹងបោះផ្សាយមូលបត្រ Bitcoin តម្លៃ 1,000 លានដុល្លារអាម៉េរិក ដើម្បីប្រមូលទុនវិនិយោគសម្រាប់គម្រោងសាងសង់ខាងលើ។
សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ 2021 ប្រទេសអែលសាល់វ៉ាឌ័រ បានក្លាយជាប្រទេសដំបូងគេដែលបានទទួលស្គាល់ប្រាក់ឌីជីថល Bitcoin ជាប្រាក់ស្របច្បាប់នៅក្នុងការជួញដូរ ទូទាត់ បន្ទាប់ពីសភាប្រទេសនេះបានអនុម័តច្បាប់ Bitcoin កាលពីថ្ងៃទី 9 មិថុនា 2021៕