មហាសេដ្ឋី​ម្នាក់​ដែល​មិន​សប្បាយ​ចិត្តនឹង​ប្រាក់ មាន​គម្រោង​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន ស្ទើរតែ​ទាំងអស់

មហាសេដ្ឋី Green មានបំណង​បរិច្ចាគ​ប្រាក់​ចំនួន 90% ក្នុងចំណោម​ទ្រព្យ​តម្លៃ 6 ពាន់​លាន​ដុល្លារ​របស់ខ្លួន ដោយ​យល់ឃើញថា ប្រាក់​មិនអាច​ទិញ​សុភមង្គល ប៉ុន្តែ​អាចជួយ​ដល់​មនុស្ស​គ្រប់រូប។

«ខ្ញុំ​នឹង​បរិច្ចាគ​មួយចំណែក​ធំ​នៃ​ទ្រព្យ​របស់ខ្ញុំ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ នៅមុន ឬ​បន្ទាប់ពី​ខ្ញុំ​បាន​ស្លាប់។ គោលដៅ​របស់ខ្ញុំ​គឺ​ការបរិច្ចាគ​ទ្រព្យ​ជាង 90%។ ប៉ុន្តែ ខ្ញុំ​ក៏​នឹងត្រូវ​ការចំណាយ​ពេលវេលា ដែលជា​របស់​មានតម្លៃ​បំផុត​សម្រាប់​ខ្ញុំ ដើម្បី​បែងចែក​ខ្ទង់​ប្រាក់​សម្រាប់​កិច្ចការ​មនុស្សធម៌​ទាំងនោះ​ឱ្យបាន​សមស្រប» មហាសេដ្ឋី​បច្ចេកវិទ្យា Jeff T. Green បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 16 វិច្ឆិកា។

លោក Green អាយុ 44 ឆ្នាំ បាន​បញ្ជាក់ថា លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គំនិត​ផ្ដួចផ្ដើម «The Giving Pledge» ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី Warren Buffett រួម​នឹង​លោក Bill Gates និង​អតីត​ភរិយា Melinda។ កិច្ចព្រមព្រៀង​នេះ បាន​ចែក​ថា Green សន្យាថា នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់​របស់ខ្លួន។ មហាសេដ្ឋី​រាប់​រាយ​នាក់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ «The Giving Pledge»។

មហាសេដ្ឋី Green គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា The Trade Desk

ប្រាក់​មិនអាច​ទិញ​បាន​សុភមង្គល។ ប្រាក់​អាច​ទិញ​របស់​ដែល​ជួយ​ឱ្យ​ជីវភាព​បាន​ស្រណុក​កាយ​ជាង​មុន ប៉ុន្តែ​របស់​ទាំងនោះ រួម​នឹង​អារម្មណ៍​ស្រណុក​កាយ​ទាំងនោះ មិន​ស្ថិតនៅ​យូរ​ឡើយ» មហាសេដ្ឋី ជនជាតិ​អាម៉េរិក រូបនេះ ចែករំលែក​អំពី​ការយល់ឃើញ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស។

យ៉ាងនេះ​ក្ដី លោក Green យល់ថា ប្រាក់​នាំមក​នូវ​ថាមពល​យ៉ាង​ខ្លាំងក្លា​សម្រាប់​ការផ្លាស់ប្ដូរ បើសិន​ត្រូវបាន​ប្រើប្រាស់​ចំពេល និង​ត្រូវបាន​តម្រង់​ទិសដៅ​ដោយ​ក្រុមមនុស្ស​សមស្រប។

មហាសេដ្ឋី Green គឺជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា The Trade Desk។ យោងតាម Forbes លោក Green បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ 6 ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​រូបនេះ ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់​ទី 253 ក្នុងចំណោម​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក៕

Advertisement