យោងតាមការស្រាវជ្រាវ និងការគណនា អ្នកសរសេរកម្មវិធីកុំព្យូទ័រ (Programmer) ដែលជាស្ថាបនិករបស់ប្រាក់ឌីជីថល Bitcoin កំពុងកាន់កាប់ប្រាក់នេះចំនួនរហូតដល់ 1លានឯណោះ។
កាលពីសប្ដាហ៍មុន ឯកសារមួយរបស់ផ្សារហ៊ុនជួញដូរប្រាក់អេឡិចត្រូនិក Coinbase បានឱ្យដឹងថា ស្ថាបនិករបស់ Bitcoin គឺ Satoshi Nakamoto (រហ័សនាមអាថ៌កំបាំងសំដៅលើអ្នកបង្កើត Bitcoin) បច្ចុប្បន្ន កាន់កាប់ Bitcoin ជាង 1លានឯងណោះ ដែលក្នុង 1Bitcoin ស្មើនឹង 57,945ដុល្លារអាមេរិក (ថ្ងៃទី 30មីនា 2021)។
យោងតាម Cointelegraph បើសិនជាតម្លៃ Bitcoin ឡើងដល់ 182,000ដុល្លារ/Bitcoin នោះ Satoshi Nakamoto អាចក្លាយជាអ្នកមានជាងគេបំផុតក្នុងពិភពលោក។
នាបច្ចុប្បន្ន ស្ថាបនិកនៃក្រុមហ៊ុនផ្សារអនឡាញ Amazon លោក Jeff Bezos គឺជាអ្នកមានជាងគេបង្អស់លើពិភពលោក ដោយមានទ្រព្យសរុប 181ពាន់លានដុល្លារអាមេរិក។ ចំណែក CEO របស់ក្រុមហ៊ុនផលិតរថយន្ត Tesla លោក Elon Musk ឈរលំដាប់ទីពីរ ដោយមានទ្រព្យ 163.7ពាន់លានដុល្លារ ខណៈលោក Bill Gates មាន 140ពាន់លានដុល្លារ ឈរលំដាប់លេខបី។
បើសិនថ្ងៃណាមួយ តម្លៃ Bitcoin កើនឡើងដល់ 182,000ដុល្លារ/Bitcoin ខណៈដែលទ្រព្យរបស់លោក Bezos នៅដដែល នោះ Satoshi Nakamoto នឹងក្លាយជាអ្នកដណ្ដើមតំណែងជើងឯកកំពូលមហាសេដ្ឋីដ៏គួរឱ្យចាប់អារម្មណ៍ជាទីបំផុត។
ខែតុលា ឆ្នាំ2008 ស្ថាបនិកដ៏អាថ៌កំបាំង បានបង្ហោះសៀវភៅសស្ដីអំពី Bitcoin។ ថ្ងៃទី 3មករា ឆ្នាំ2009 បណ្ដាញ Bitcoin ដំបូងត្រូវបាន Satoshi Nakamoto ចាប់ផ្ដើមទាញយកនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ដែលនេះក៏ជាការបង្ហាញខ្លួនលើកដំបូងនៃបណ្ដាញ Bitcoin ក៏ដូចជាការចាប់ផ្ដើមនៃចលនា ឬនិន្នាការប្រាក់ឌីជីថល (cryptocurrency) និង blockchain។
បើទោះជាទិន្នន័យពិតមិនទាន់ច្បាស់លាស់ ប៉ុន្តែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ2009 Satoshi Nakamoto ត្រូវបានគេគណនាឃើញថា រកបានប្រមាណ 1លាន Bitcoin។ ឆ្នាំ 2010 Sergio Demian Lerner ដែលជាអ្នកស្រាវជ្រាវអំពីប្រាក់ឌីជីថលដ៏ល្បីឈ្មោះ បានប្រកាសអំពីការស្រាវជ្រាវមួយដែលគណនាអំពីចំនួន Bitcoin ដែល Satoshi Nakamoto កំពុងកាន់កាប់។
ដោយការវិភាគទៅលើបណ្ដាញដំបូងដែល Satoshi Nakamoto រកបាន Lerner គណនាឃើញថា ចំនួន Bitcoin ដែលជាកម្មសិទ្ធិរបស់ស្ថាបនិកនេះ មានរហូតដល់ 1លាន Bitcoin ឯណោះ។ «Satoshi Nakamoto មានបណ្ដុំដែលអាចរកបាន Bitcoin ជិត 22,000 បណ្ដុំ នៅក្នុងបណ្ដាញរបស់ខ្លួន ហើយអ្នកសរសេរកូដដ៏អាថ៌កំបាំងនេះ កំពុងកាន់កាប់ប្រហែល 1លាន Bitcoin»។
កន្លងមកនេះ មានរូបមន្តជាច្រើនបានព្យាករអំពីតម្លៃរបស់ Bitcoin ថា នឹងកើនដល់ 200,000ដុល្លារ ដល់1លានដុល្លារអាមេរិកក្នុង 1Bitcoin។ ក្នុងនោះ រូបមន្តដែលល្បីល្បាញជាងគេគឺ Stoc-to-Flow (S2F)។
S2F ព្យាករថា តម្លៃរបស់ Bitcoin នឹងកើនដល់ 100,000ដុល្លារ ហើយបន្តឡើងរហូតដល់ 288,000ដុល្លារ/Bitcoin នៅចុងឆ្នាំ2021។ ការព្យាករនេះគឺយោងទៅតាមទំនាក់ទំនងរវាងតម្លៃ Bitcoin ជាមួយនឹងមូលបត្រនានាដែលកំពុងមាន ក៏ដូចជាចំនួន Bitcoin ដែលនឹងត្រូវបានទាញយកក្នុងអនាគត។
កាលពីខែវិច្ឆិកា ឆ្នាំ2020 PlanB ដែលជាអ្នកបង្កើតរូបមន្ត S2F បានឱ្យដឹងថា៖ «ខ្ញុំមិនមានការសង្ស័យអ្វីឡើយអំពីការដែល Bitcoin ឡើងថ្លៃដល់ចាប់ពី 100,000ដុល្លារ រហូតដល់ 288,000ដុល្លារអាមេរិក មុនខែធ្នូ ឆ្នាំ2021»។
ប្រសិនបើតម្លៃរបស់ Bitcoin ពិតជាកើនឡើងដល់ 288,000ដុល្លារ/Bitcoin នោះទ្រព្យរបស់ Satoshi Nakamoto នឹងមានតម្លៃដល់ 288ពាន់លានដុល្លារអាមេរិក (288,000,000,000) ច្រើនជាងឆ្ងាយបើធៀបនឹងមហាសេដ្ឋី Bezos និង Musk។
ជាងនេះ តម្រូវការនៃការទប់ស្កាត់អតិផរណារបស់ស្ថាប័ននានា និងការធ្លាក់ថ្លៃរបស់ប្រាក់ដុល្លារអាមេរិក នឹងជួយជំរុញឱ្យតម្លៃរបស់ Bitcoin ឡើងដល់ 400,000ដុល្លារ/Bitcoin។ នេះបើតាមអ្នកគ្រប់គ្រងយុទ្ធសាស្ត្រជាន់ខ្ពស់របស់ Bloomberg Intelligence។
រហូតដល់បច្ចុប្បន្ន អត្តសញ្ញាណរបស់ Satoshi Nakamoto នៅតែជារឿងអាថ៌កំបាំង ហើយគេក៏មិនដឹងច្បាស់ថា បុគ្គលនេះនៅមានជីវិតដែរ ឬយ៉ាងណា។ មតិមួយចំនួនជឿថា Satoshi Nakamoto អាចជាមនុស្សមួយក្រុម។
កាលពីខែមុន Coinbase យល់ថា «ការដែល Satoshi Nakamoto បង្ហាញខ្លួន នឹងជះឥទ្ធិពលអាក្រក់ដល់តម្លៃរបស់ Bitcoin។ ដោយការរក្សាអាថ៌កំបាំងនៃអត្តសញ្ញាដូចបច្ចុប្បន្ន នោះ Satoshi Nakamoto ក៏អាចគេចផុតពីលទ្ធផលអាក្រក់ទាក់ទិននឹងផ្លូវច្បាប់»៕
ប្រភព៖ CoinTelegraph
ប្រែសម្រួល៖ បុត្រា