វិធីសាស្ដ្រ​ពិសេស​ 10​យ៉ាង​ ជួយ​ឱ្យ​អ្នក​សន្សំប្រាក់​បាន​ដោយ​ជោគជ័យ​

លោកអ្នក​ប្រហែលជា​ធ្លាប់​សន្សំប្រាក់​ច្រើនលើកច្រើនសា​មក​ហើយ​ ប៉ុន្តែ​លើក​ណា​ក៏​បរាជ័យ​ដែរ​ មែនទេ​?។ កុំអាល​អស់សង្ឃឹម​អី​! សូម​អនុវត្ត​តាមវិធី​សា​ស្ដ្រពិសេស​ខាងក្រោម​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ ធានា​ថា​ លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សន្សំប្រាក់​បាន​តាម​ការ​គ្រោងទុក​មិនខាន​។

ផ្ញើ​ប្រាក់សន្សំ​ស្វ័យប្រវត្ត


ធនាគារ​ភាគច្រើន​សុទ្ធតែ​មាន​សេវា​បញ្ញើ​សន្សំប្រាក់​ស្វ័យប្រវត្តិ​ អ្នក​គ្រាន់តែ​ជ្រើសរើស​ចំនួន​ទឹកប្រាក់​ និង​កំណត់​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​សន្សំ​ប៉ុណ្ណោះ​។ ដល់​ថ្ងៃកំណត់​ត្រូវ​ផ្ញើ​ប្រាក់សន្សំ​ ខាង​ធនាគារ​នឹង​ដកប្រាក់​ពី​គណនី​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​ ដើម្បី​ផ្ទេរ​ចូល​ទៅ​គណនី​បញ្ញើ​សន្សំ​របស់​អ្នក​។ វិធី​នេះ​ វា​មានប្រសិទ្ធភាព​ណាស់​ ព្រោះថា​ អ្នក​នឹង​មិន​អាច​ដកប្រាក់​ពី​គណនី​បញ្ញើ​សន្សំ​របស់​អ្នក​បាន​តាមចិត្ត​ដូច​គណនី​ធម្មតា​នោះ​ឡើយ​។

សម្អាត​កាបូប​លុយ​របស់​អ្នក​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍​


វិធី​នេះ​មិនមែន​មានន័យថា​ អ្នក​ត្រូវ​ចាយ​លុយ​ឱ្យ​អស់ពី​កាបូប​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍​នោះ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​រៀបចំ​កាបូប​ដោយ​យក​លុយរាយ​ទាំង​អស់់​ចេញពី​កាបូប​ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ប្រអប់​សុវត្ថិភាព​មួយ​។ មួយរយៈពេល​កន្លង​ផុត​ទៅ​ អ្នក​នឹង​សល់​លុយ​មួយចំនួន​ ដែល​ច្រើន​ ឬតិច​ អាស្រ័យ​លើ​ទំហំ​ប្រាក់រាយ​ដែល​អ្នក​ដក​ទៅ​សន្សំ​រាល់ថ្ងៃ​ចុង​សប្ដាហ៍​ និង​តាមរយៈ​ពេល​នៃ​ការ​សន្សំ​។

ធ្វើដូចជា​ខ្លួន​មិនបាន​ទទួល​ប្រាក់​លើកទឹកចិត្ត​ ឬការដំឡើង​ប្រាក់ខែ​


ប្រសិន​អ្នក​ទើបតែ​ទទួល​បានការ​ដំឡើង​ប្រាក់ខែ​ ឬប្រាក់ចំណូល​បន្ថែម​ណាមួយ​ ចូរ​កុំអាល​កែប្រែ​ទម្លាប់​រស់នៅ​ តែ​ជំនួស​មកវិញ​ អ្នក​ត្រូវ​រក្សា​ទម្លាប់​រស់នៅ​ និង​ការចាយវាយ​ត្បិតត្បៀត​ដូចមុន​ដដែល​ ហើយ​ដកប្រាក់​ដែល​ទើប​ទទួល​បាន​បន្ថែម​នោះ​ យក​ទៅ​ដាក់​ក្នុង​គណនី​បញ្ញើ​សន្សំ​។ វិធី​នេះ​ នឹង​ជួយ​ឱ្យ​អ្នក​គេច​ផុត​ពី​ការចាយវាយ​ខ្ជះខ្ជាយ​។

រក្សាទុក​ខ្ទង់​ប្រាក់បង់​ធនាគារ​ ឬសងបំណុល​ បើ​ទោះជា​អ្នក​អស់​បំណុល​ហើយក៏​ដោយ​


វិធី​សន្សំសំចៃ​មួយទៀត​នោះ​គឺ​ អ្នក​ត្រូវ​រស់នៅ​ និង​ចាយវាយ​ដូច​ស្ថិត​ក្នុងអំឡុងពេល​ជាប់បំណុល​ បើ​ទោះជា​អ្នក​លែង​មាន​ជាប់បំណុល​ហើយក៏​ដោយ​។ ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចាត់ទុកថា​ ដូច​នៅ​ត្រូវ​បង់​ឱ្យ​ធនាគារ​ ឬប្រាក់​សងបំណុល​នេះ​ ចូរ​យក​វា​ទៅ​ដាក់​ក្នុង​គណនី​បញ្ញើ​សន្សំ​ ឬដាក់​ក្នុង​កូនជ្រូក​ដែល​មាន​សុវត្ថិភាព​ និង​មិន​ងាយ​បើក​បាន​។

រៀបចំ​ប្រមូលប្រាក់​ដែល​បាន​មក​ដោយចៃដន្យ​


អ្នក​ប្រហែលជា​ត្រេកអរ​ខ្លាំង​ណាស់​ នៅពេល​អ្នក​ប្រទះឃើញ​ប្រាក់​ដោយចៃដន្យ​នៅកន្លែង​ណាមួយ​ ដូចជា​ក្នុង​ថង់​ ក្នុង​ហោប៉ៅ​ខោ​-អាវ​ ឬត្រូវឆ្នោត​តិចតួច​។ ប្រាក់​ដែល​បាន​មក​ដោយចៃដន្យ​នេះ​ បើសិន​មិន​មាន​វា​ ក៏​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នកនោះ​ដែរ​ ដូច្នេះ​ចូរ​ទុកដាក់​វា​ចូល​ទៅ​ក្នុង​ខ្ទង់​សន្សំ​តែម្ដង​ទៅ​។

ប្រើប្រាស់​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដើម្បី​គ្រប់គ្រង​ការ​ចំណាយ​


ចូរ​ទាញ​យក​ និង​ដំឡើង​កម្មវិធី​នេះ​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ ហើយ​ប្រើ​វា​។ នេះ​ជា​វិធី​មួយ​ដែល​អ្នក​អាច​កត់ត្រា​បាន​នូវ​ការ​ចំណាយ​នានា​ និង​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​អ្នក​បាន​យ៉ាង​ច្បាស់លាស់​។

បង្កើត​រនាំង​រវាង​អ្នក​ និង​ប្រាក់សន្សំ​


ប្រាក់សន្សំ​ គឺជា​ជំនួយ​ឧបត្ថម្ភ​ដ៏​អស្ចារ្យ​។ បើសិនជា​អ្នក​កំពុងតែ​មានបំណង​ទិញ​អ្វីមួយ​ តែ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ ហើយ​ចេះតែ​ដកប្រាក់​សន្សំ​ប្រើ​ញឹកញាប់​ វា​អាច​នឹង​ធ្វើ​ឱ្យ​គម្រោង​អ្វីមួយ​របស់​អ្នកទទួល​បរាជ័យ​។ ដូច្នេះ​ ចូរ​បង្កើត​រនាំង​នៅចន្លោះ​អ្នក​ និង​ប្រាក់សន្សំ​នោះ​។ នៅពេល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ត្រូវការ​ទិញ​អ្វីមួយ​ អ្នក​គួរ​លុប​កម្មវិធី​ mobile​ banking​ ចេញពី​ស្មា​តហ្វូ​នរ​បស់​អ្នក​ ព្រោះថា​ បើ​ទុក​វា​ក្នុងអំឡុងពេល​នេះ​ អ្នក​នឹងអាច​ដកប្រាក់​សន្សំ​នោះ​បាន​ដោយ​ងាយ​។ មួយវិញទៀត​ អ្នក​ក៏​គួរ​ជ្រើសរើស​រយៈពេល​សន្សំ​យូរ​ខែ​-ឆ្នាំ​ ដើម្បី​ធ្វើ​ឱ្យ​មានចិត្ត​ស្ដាយ​ការប្រាក់​ដែល​អ្នក​នឹង​ទទួល​បាន​ នៅពេល​អ្នក​ចង់​ដកប្រាក់​សន្សំ​ភ្លាម​ៗ។

សន្សំ​ពី​កាត​ឥណទាន​ប្រភេទ​ cashback

កាត​ឥណទាន​ប្រភេទ​ cashback​ គឺជា​ប្រភេទ​កាត​ដែល​អ្នក​នឹង​ទទួល​បាន​ប្រាក់​ត្រឡប់មកវិញ​ក្នុង​អត្រា​ភាគរយ​ណាមួយ​នៅពេល​អ្នកធ្វើ​ប្រតិបត្តិ​ការ​ដោយ​ប្រើ​កាត​នេះ​។ បើសិន​អ្នកប្រើ​កាត​ប្រភេទ​នេះ​ ចូរ​កុំអាល​ប្ដូរ​វា​ទៅ​យក​ការ​ប្រូ​ម៉ូ​សិន​ផ្សេង​ តែ​ចូរ​ផ្ទេរ​វា​ទៅ​ក្នុង​គណនី​បញ្ញើ​សន្សំ​។

ទុក​ពេល​ឱ្យ​ខ្លួនឯង​ 1សប្ដាហ៍​ មុន​ពេល​ទិញ​អ្វីមួយ​ដែល​មានតម្លៃ​ខ្ពស់​


នៅពេល​អ្នក​កំពុង​រំជើបរំជួល​ចង់បាន​របស់​អ្វីមួយ​ដែល​មានតម្លៃ​ថ្លៃ​ ចូរ​កុំអាល​ទិញ​វា​។ ចូរ​ទុក​ពេល​ឱ្យ​ខ្លួនឯង​ 1សប្ដាហ៍​ ដើម្បី​បាន​ពិចារណា​រកហេតុផល​ថា​ តើ​របស់​នោះ​ពិតជា​ចាំបាច់​ដែរ​ឬអត់​? ឬគ្រាន់តែ​ជា​ចំណង់​តាម​អារម្មណ៍​?។

មិន​ត្រូវ​កត់ត្រា​ទិន្នន័យ​កាត​ឥណទាន​នៅ​លើ​កុំព្យូទ័រ​


វា​ពិតជា​ងាយស្រួល​ក្នុង​ការទិញ​ដូរ​តាម​អន​ឡាញ​មែន​ ពិសេស​នៅពេល​ផ្សារ​អន​ឡាញ​អាច​រក្សា​ទិន្នន័យ​កាត​ឥណទាន​របស់​អ្នក​។ បើ​អ្នក​មិន​អនុញ្ញាត​ឱ្យ​ផ្សារ​អន​ឡាញ​ទាំងនោះ​រក្សា​ទិន្នន័យ​របស់​អ្នក​ទេ​នោះ​ អ្នក​នឹង​ត្រូវ​យក​កាបូប​លុយ​ចេញ​ ហើយ​ទាញ​កាត​ឥណទាន​មក​ក្រៅ​ដើម្បី​មើល​ និង​បញ្ចូល​ទិន្នន័យ​ម្ដងទៀត​ រួចហើយ​ផ្ទៀងផ្ទាត់​មុននឹង​ចុច​យល់ព្រម​។ ទាំងនេះ​ជា​រឿង​តូចតាច​ ប៉ុន្តែ​វា​អាច​ជួយ​ឱ្យ​អ្នកមាន​ពេល​បន្ថែម​ ដើម្បី​ពិចារណា​ថា​ តើ​វា​ចាំបាច់​ទេ​? តើ​គួរ​ទិញ​ដែរ​ទេ​?

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement