ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin

រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការឧបត្ថម្ភ​ប្រាក់​ 5សែន​លាន​បាត​ ដល់​ប្រជាជន​ប្រមាណ​ 50 លាន​នាក់​ សម្រាប់​ការ​ទិញ​ទំនិញ​។

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​ប្រកាស​អំពី​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ម្នាក់ៗ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​​។ កម្មវិធី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 5 សែន​លាន​បាត (13.75 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​​ភាគ​ច្រើន​មាន​ប្រភព​ពី​ថវិកា​ជាតិ​ឆ្នាំ 2024 និង 2025​ នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រី​មាស​ទី​បួន​​ក្នុង​ឆ្នាំ​ 2024​។

តាម​ផែនការ​ ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រាក់​ចំណូល​ក្រោម​ 70,000 បាត​ក្នុង​មួយ​ខែ ហើយ​មាន​ប្រាក់​តិច​ជាង 500,000 បាត​ក្នុ​ងគណនី​ធនាគារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ 10,000 បាត​ តាម​រយៈ​កាបូប​លុយឌីជីថល់។ ដោយ​យោង​ទៅ​លើ​គោលការណ៍​ខាងលើ អាជ្ញាធរ​ថៃ​គណនា​ឃើញ​ថា ពលរដ្ឋប្រមាណ 50 លាន​នាក់​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​។

លោក Srettha Thavisin ឱ្យ​ដឹង​ថា គោលនយោបាយ​នេះនឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប (GDP) ពី 1.2 ដល់ 1.6 ភាគ​រយ​បន្ថែម​ទៀត​។

ក្រៅ​ពី​ការ​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ គោលនយោបាយ​ថ្មី​នេះ​ក៏​ធ្វើឡើង​ដើម្បី​ជា​ការ​គោរព​​តាម​ពាក្យ​សន្យា​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោតកាល​ពី​ឆ្នាំ​កន្លង​ ​របស់​បក្ស​ Pheu Thai ផងដែរ​។ ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ ពុំ​មែន​ជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​។

Advertisement