«សេដ្ឋកិច្ច​រាត្រី​» បាន​ជួយ​​ទាញវិស័យទេសចរណ៍​ថៃឱ្យ​ងើប​ឡើង​វិញ

កំណើន​នៃ​ប្រាក់ចំណូល​បាន​ពីវិស័យ​ទេសចរណ៍​ ក៏ដូច​ជា​កំណើន​នៃ​ការ​​ចំណាយរបស់​ទេសចរ​ នៅ​​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​ប្រទេស​ថៃ ត្រូវ​បាន​ជំរុញ​ដោយ​សកម្មភាព​កម្សាន្ត​នា​​ពេល​រាត្រី បន្ទាប់​ពី​​រាជរដ្ឋាភិបាល​ប្រទេស​នេះ​ បាន​​អូស​បន្លាយ​ពេល​វេលា​សម្រាប់​អ្នក​​រក​ស៊ី​នៅ​ពេល​យប់​។

ចាប់​ពី​ថ្ងៃទី 15 ធ្នូ 2023 គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​សំណើមួយ​​ដែល​អនុញ្ញាត​ឱ្យ​ក្លឹប​រាត្រី បារ និង​ទីតាំង​កម្សាន្ត​ផ្សេង​ៗ​ បើក​ទ្វារ​រហូត​ដល់ម៉ោង 4 ទៀប​ភ្លឺ​ ជំនួស​ឱ្យ​ម៉ោង​ 2 ទៀប​ភ្លឺ ដើម្បី​ជំរុញ​ឱ្យ​​ទេសចរ​ចាយ​លុយ​ច្រើន​ជាង​មុន​នៅ​ពេល​រាត្រី​។

ការ​បន្ធូរ​បន្ថយ​ពេល​វេលា​សម្រាប់​ការ​កម្សាន្ត​នៅ​ពេល​រាត្រី បាន​នាំ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​យូរ​ជាង​មុន​ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​រក​ចំណូល​បាន​រហូត​ដល់ 1.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​វិស័យ​ទេសចរណ៍ ត្រឹម​តែ​នៅ​ក្នុង​ខែ​ធ្នូ 2023​ ​ដែល​នេះ​បាន​កើន​ 44% បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន​នោះ។ ជោគ​ជ័យ​នេះ​ សម្រេច​បាន​ក៏​ដោយ​សារ​ការ​បន្ធូរ​បន្ថយការ​រឹត​ត្បិត​លើ​វិស័យកម្សាន្ត​នៅ​​ពេល​យប់​​៕

Advertisement