អង្គការ​របស់​អង់គ្លេស ព្យាករថា វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់​​នៅ​​ឆ្នាំ​ 2045​

ដោយ​មាន​ប្រជាជន​ច្រើន និង​ក្មេង វៀតណាម​មាន​ឱកាស​យក​ឈ្នះ​លើ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ស្ដី​ពី​សេដ្ឋកិច្ច មាន​ដូច​ជា សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ជាដើម ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ចាប់​ពី​ឆ្នាំ 2045​។

ថ្មី​ៗ​នេះ ជម្ឈមណ្ឌល​ព្យាករ​ វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​របស់​អង់គ្លេស (CEBR) បាន​ប្រកាស​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​លើក​ទី 14 និង​បញ្ជីចំណាត់ថ្នាក់​សម្ព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក (World Economic League Table – WELT)​។ ក្នុង​របាយការណ៍​នេះ CEBR ព្យាករ​ថា វៀតណាមនឹង​បោះ​ជំហាន​យ៉ាង​ធំ​នៅ​ 14 ឆ្នាំ​ទៀត​។

ក្នុង​ឆ្នាំ 2023 កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​មាន​ការ​កើន​ឡើង។ ក្នុង​នោះ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) កើន 5.05% និង​អតិផរណាកើនតែ 3.25%។ GDP របស់​ប្រទេស​នេះ ​សម្រេច​បាន​ប្រមាណ 430 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទី 34 នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ CEBR​ ក្នុង​ឆ្នាំ​ 2023​។

សម្រាប់​​ឆ្នាំ 2024 CEBR ព្យាករ​ថា វៀតណាម​អាច​នឹង​ជាប់​ចំណាត់​ថ្នាក់​ទី 33 ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​ WELT ដោយ​កើន​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ 2023​។ GDP ឆ្នាំ 2024 របស់​ប្រទេស​នេះ​ នឹង​សម្រេច​បាន​ 462 ពាន់​លាន​ដុល្លារ​អាម៉េរិក​ (គិត​ក្នុង​តម្លៃ​បច្ចុប្បន្ន)។

របាយការណ៍​របស់ CEBR បាន​វាយ​តម្លៃ​ថា ចំណាត់​ថ្នាក់​នៃ​ទំហំ​សេដ្ឋកិច្ច​របស់​វៀតណាម អាច​កើន​ឡើង​ខ្ពស់​យ៉ាង​លឿន​ក្នុង​អនាគត​។ វៀតណាម​នឹង​ជាប់​ចំណាត់​ថ្នាក់​ទី 24 នៅ​ក្នុង​ឆ្នាំ 2033 ដោយ​ទំហំ​សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ 1,050 ពាន់​លាន​ដុល្លារ​។

ដល់​ឆ្នាំ 2038 GDP របស់​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​​នេះ គ្រោង​នឹង​សម្រេច​បាន 1,559 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទី 21 ដែល​យក​ឈ្នះ​លើ​ខឿន​សេដ្ឋកិច្ច​ធំៗ​នៅ​អាស៊ាន មាន​ដូច​ជា ថៃ (1,313 ពាន់​លាន​ដុល្លារ​), សិង្ហបុរី (896 ពាន់​លាន​ដុល្លារ), ហ្វ៊ីលីពីន (1,536 ពាន់​លាន​ដុល្លារ)​ ហើយ​ឡើង​ដល់​ក្រុម​​ប្រទេសទាំង​ 25 ​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​លើ​ពិភពលោក​។

យោង​តាម CEBR វៀតណាម ដែល​​មាន​ប្រជាជន​ច្រើន និង​ក្មេង នឹង​​មាន​ឱកាស​យក​ឈ្នះ​លើ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) ស្ដី​ពី​ទំហំ​សេដ្ឋកិច្ច មាន​ដូច​ជា ប្រទេស​សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ជាដើម ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ចាប់​ពី​ឆ្នាំ 2045​៕

Advertisement