គម្រោង​វិនិយោគ​ដែល​មាន​ទុន​សរុប​ជិត 4.9 ពាន់​លាន​ដុល្លារអាម៉េរិក​ ត្រូវ​បាន​កម្ពុជា​អនុម័ត​ក្នុង​ឆ្នាំ 2023

ក្នុង​ឆ្នាំ​ 2023 ក្រុម​ប្រឹក្សា​អភិវឌន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោងវិនិយោគ​សរុប​ចំនួន 268 ក្នុង​នោះ​មាន​គម្រោង​​វិនិយោគ​ថ្មី​ចំនួន 247 និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 21 ដែល​មាន​ទុន​សរុប​ប្រមាណ​ជិត 4.9 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 307,000 កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ CDC ចុះ​ផ្សាយ​នា​ថ្ងៃទី 03 មករា 2024​។

យោង​តាម​ CDC ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​រួម​ចំណែក​រហូត​ដល់ 92% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប​ គ្រា​ដែល​ទុន​វិនិយោគ​បាន​មក​ពី​វិស័យនេះរួម​ចំណែក​ប្រមាណ 46%​​។ ចំណែក​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​វិស័យ​ផ្សេង​ៗ​ទៀត​ ដែល​មាន​តែ 2.6% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប បាន​រួម​ចំណែក​ប្រមាណ 44% នៃ​ទុន​វិនិយោគ​សរុប​។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឱ្យ​ដឹង​ថា ការ​ហូរ​ចូល​នៃ​ទុន​វិនិយោគ​ឯក​ជន​នៅក្នុង​ឆ្នាំ 2023 មាន​ការ​កើន​ឡើង​ក្នុង​រង្វង់​ប្រមាណ 22% បើ​ធៀប​នឹង​ឆ្នាំ 2022​។

CDC បាន​បញ្ជាក់​ថា រំហូរ​ទុន​វិនិយោគ​ក្នុង​ឆ្នាំ​កន្លង ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ និង​ក្នុង​ស្រុក​។ ក្នុង​នោះ ប្រភព​ទុន​ពី​ចិន​រួម​មាន​រហូត​ដល់ 66% ខណៈ​ក្នុង​ស្រុក​រួម​ចំណែក 24%​។ គម្រោង​វិនិយោគ​ទាំង​នេះ ភាគ​ច្រើន​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ខណៈ​មួយចំនួន​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នៅ​ជុំវិញ​រាជធានី​​ មាន​ដូច​ជា ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ហើយ​ខ្លះ​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​បណ្ដា​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​ព្រះសីហនុ​​៕

Advertisement