តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

រាជរដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណប​រុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹង​កន្លែង នៅ​ពេល​តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។

ព័ត៌មាន​នេះ​ត្រូវ​បាន​ សម្តេចធិបតីហ៊ុន ម៉ាណែត លើក​ឡើង​នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ភូមិរុនតាឯក កាល​ពី​ថ្ងៃ​ទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។

ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយ​ថា តំបន់​នេះ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​។

តំបន់​អភិវឌ្ឍ​ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។ តំបន់​នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយ​ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួច​បត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើប​បត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត យើងនឹងទៅដល់ភូមិធម្មជាតិរុនតាឯក៕

Advertisement