​ថៃ ចង់​អូស​បន្លាយ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីឱ្យ​ដល់​​មួយ​ខែ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

ប្រទេស​ថៃ គ្រោង​នឹង​បន្ថែម​ពេល​វេលា​សម្រាប់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​សង្ក្រាន្ត ឱ្យ​ឡើង​ដល់​មួយ​ខែ ជួយ​លើក​កម្ពស់​​ព្រឹត្តិការណ៍​នេះ​ឱ្យ​ឡើង​ដល់​ថ្នាក់​អន្តរជាតិ​ និង​ជួយ​ឱ្យ​ប្រទេស​ជាតិ​​មាន​ឈ្មោះ​នៅ​ក្នុង​ Top 10 នៃ​ទីតាំង​ប្រារព្ធពិធី​បុណ្យ​លំដាប់​កំពូល​លើ​ពិភពលោក​។

លោក​ស្រី Paetontarn Shinawatra ប្រធាន​គណៈកម្មការ​យុទ្ធ​សាស្ត្រ​អំណាច​ទន់​ថ្នាក់​ជាតិ (NSPSC) កាល​ពី​ថ្ងៃទី 01 ធ្នូ បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​បាន​ឯកភាព​ជំរុញ​សង្ក្រាន្ត​ឱ្យ​ក្លាយ​ជា​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ដែលពិសេស​បំផុត​របស់​ពិភពលោក​។ NSPSC គ្រោង​នឹង​ប្រារព្ធ​ពិធីបុណ្យ​មហា​សង្ក្រាន​ទទួល​ឆ្នាំ​ថ្មី​ក្នុង​រយៈ​ពេល​មួយ​ខែ​ ជំនួស​ឱ្យ​បី​ថ្ងៃ​ដូច​កន្លង​មក​​​។

NSPSC គ្រោង​នឹង​ដាក់​សំណើ​ខាងលើ​នេះ​ឡើង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​​ខែ​ក្រោយ​។ គណៈកម្មការ​នេះ​ក៏​រំពឹង​ថា រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ដែល​គ្រោង​នឹង​អូស​បន្លាយ​រហូត​ដល់​មួយ​ខែ​នេះ​ នឹង​បង្កើត​បាន​ប្រាក់​ចំណូល​ 35 ពាន់​លាន​បាត (ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​សេដ្ឋកិច្ច​ប្រទេសថៃ​៕

Advertisement