ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ នៅ​​វៀតណាម កើន​ 15 ភាគ​រយ

វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជិត 29 ពាន់លានដុល្លារ ក្នុង 11 ខែដំបូងនៃឆ្នាំ 2023

ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ​បាន​ជិត 28.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើនជិត 15% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ នេះ​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​វិនិយោគ​វៀតណាម​។

​សារព័ត៌មាន​វៀតណាម​បាន​ចេញ​ផ្សាយ​ថា គោលនយោបាយ​គាំពារ កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​ ក្រសួង និង​មូលដ្ឋាន ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ជួយឱ្យ​​សហគ្រាស​នានា​ទទួល​បាន​ស្ថិរភាព​ក្នុង​ការ​ផលិត និងការ​​ធ្វើ​អាជីវកម្ម​ នាំ​ឱ្យ​ទុន FDI មាន​ការ​កើន​ឡើង​។

ដៃគូសហការ​លំដាប់​កំពូលៗ​របស់​វៀតណាម នៅ​តែ​ជា សិង្ហបុរី ហុងកុង និង​កូរ៉េខាងត្បូង​។ បើ​ទោះ​ជា​ការ​នាំ​ចេញ នាំចូល​ដែល​បាន​ពី​គម្រោង​ FDI មាន​ការ​ថយ​ចុះ ប៉ុន្តែ​​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​រួម​ចំណែក​ធំធេង​នៅ​ក្នុង​ចំណូលសរុប​​ទូទាំង​ប្រទេស​។

គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ថ្ងៃទី 20 វិច្ឆិកា 2023 វៀតណាម​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ថ្មី​​បាន​ជិត 28.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន 14.8​% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​ និង​កើន​ 0.1% បើ​ធៀប​នឹង​ខែ​តុលា 2023​។

បច្ចុប្បន្ន FDI នៅ​វៀតណាម នៅ​មាន​​គម្រោង​ចំនួន 38,844 ទៀត​ដែល​នៅ​មាន​សុពលភាព​ និង​មាន​តម្លៃ​សរុប​ជិត 462.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ​ឧស្សាហកម្ម​កែច្នៃ និង​ផលិតកម្ម នៅ​តែ​ជា​វិស័យ​​ដែល​ទទួល​បាន​ទុន​វិនិយោគ​ច្រើន​ជាង​គេ​។ ទីក្រុង​ហូជីមិញ ខេត្ត​ប៊ិញយឿង និង​រដ្ឋធានី​ហាណូយ នៅ​តែ​ជា​តំបន់​ដែល​ទាក់​ទាញ​បាន​ទុន FDI ច្រើន​ជាង​គេ​ ខណៈ​ខេត្ត​ក្វាងនិញ និង​បាក់និញ​ ក៏​​ជា​តំបន់​ដែល​កំពុង​លេខ​ធ្លោ​ផងដែរ​៕

Advertisement