សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។

ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។

ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។

«កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។

WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។

កាលពីឆ្នាំ 2022 សេដ្ឋកិច្ចរបស់កម្ពុជាមាន​កំណើន 5.2% ខណៈ​ឆ្នាំ​ 2023 នេះ ​ត្រូវ​បាន WB ​ព្យាករថា​ នឹង​មាន​​កំណើន 5.4% ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ 5.5% ដែល​ត្រូវ​បាន​ព្យាករ​​កាល​ពីខែ​ឧសភា​។ WB ក៏​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងឡើងដល់​ 5.8% ក្នុង​ឆ្នាំ​ 2024 និង​ 6.1% ក្នុង​ឆ្នាំ​ 2025៕

Advertisement