Goldman Sachs ថា «សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​ 2024 នឹង​ប្រសើរ​ជាង​ការ​រំពឹង​ទុក​

ក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក Goldman Sachs អះអាង​ថា សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​ក្រោយ​នឹង​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​មនុស្ស​ជាច្រើន​ ខណៈ​ដែល​ការ​ផលិត​នឹង​ងើប​ឡើង​វិញ ហើយ​ផលប៉ះពាល់​ពី​ការ​ដំឡើង​ការ​ប្រាក់​ក៏​ថយ​ចុះ​។

នៅ​ក្នុង​របាយការណ៍​ដែល​បាន​ប្រកាស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ធនាគារ​ Goldman Sachs (សហរដ្ឋ​អាម៉េរិក) ព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​កំណើន​ 2.6% នៅ​ឆ្នាំ​ក្រោយ​ ខ្ពស់​ជាង​ការ​ប៉ាន់ស្មាន​ 2.1% របស់​ក្រុម​សេដ្ឋវិទូ​ដែល​ត្រូវ​បាន​ស្រង់មតិ និង​ចុះ​ផ្សាយ​​ដោយ Bloomberg។ សហរដ្ឋ​អាម៉េរិក ក៏​ត្រូវ​បាន​រំពឹង​ថា​ មាន​កំណើន​សេដ្ឋកិច្ច​ 2.1% ដែល​ខ្ពស់​ជាង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដទៃ​។

ធនាគារ Goldman Sachs ក៏​យល់​ថា ភាគ​ច្រើន ផលប៉ះពាល់​ពី​ដំណើរ​ការ​រឹត​បន្តឹងសារពើពន្ធ និង​​រូបិយវត្ថុ នឹង​លែង​មាន​ទៀត​ហើយ​។ ដើម្បី​គ្រប់​គ្រង​អតិផរណា ធនាគារ​កណ្ដាល​របស់​សហរដ្ឋ​អាម៉េរិក (Fed) បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​រាប់​ចាប់​ពី​ខែ​មីនា 2022​។ កាល​ពីសប្ដាហ៍​កន្លង ប្រធាន​ Fed លោក Jerome Powell បាន​បង្ហាញ​សញ្ញា​ថា នឹង​ដំឡើង​ការ​ប្រាក់​ទៀត បើ​សិន​ជា​ចាំបាច់​។

Goldman Sachs យល់​ថា អតិផរណា​នឹង​បន្ត​ថយ​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ និង​ទើប​លេច​ធ្លោ ដោយ​ចុះ​មក​នៅ​ត្រឹម​ពី 2 ទៅ 2.5%​។ ធនាគារ​នេះ​ក៏​សង្ឃឹម​ថា សកម្មភាព​ផលិត​របស់​រោង​ចក្រ​នានា​នៅ​ទូទាំង​ពិភពលោក​នឹង​ត្រូវ​បាន​ស្ដារ​ឡើងវិញ បន្ទាប់​ពី​រង​សម្ពាធ​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ឆ្នាំ​នេះ​៕

Advertisement