IMF ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ

មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ទើប​តែ​បាន​កែ​ប្រែ​ការ​ព្យាករ​អំពី​កំណើន​ GDP ក្នុង​ឆ្នាំ 2024 របស់​ប្រទេស​ថៃ​ ដោយ​យោង​ទៅ​តាម​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឯក​ជន​ដ៏​ខ្លាំង​ក្លា និង​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ពី​ខាង​ក្រៅ​។

IMF យល់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​មាន​កំណើន​ 2.7% ក្នុង​ឆ្នាំ​នេះ និង​កើន​ឡើង​ដល់​ 3.6% ក្នុង​ឆ្នាំ 2024​ បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​អស្ថិរភាព​។

អតិផរណា​រួម​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម 1.3% នៅ​ឆ្នាំ 2023 ដោយ​សារ​ប្រសិទ្ធភាព​របស់​វិធានការ​នានាដែល​​បន្ត​រក្សា​តម្លៃ​ថាមពល​នៅក្នុង​កម្រិត​ទាប រួម​នឹង​ការប្រសើរ​ឡើង​នៃ​បណ្ដាញ​ផ្គត់​ផ្គង់​សកល​។ ទន្ទឹម​នឹង​នេះ​ ព្រោះ​តែ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​កើន​ឡើង អតិផរណា​ក៏​ត្រូវ​បាន​ព្យាករ​ថា​ នឹង​កើន​ឡើង​ 1.6% ផងដែរ​។

យោង​តាម​ IMF ការ​បន្ត​ធ្វើ​ប្រក្រតីភាព​គោល​នយោបាយម៉ាក្រូ​សេដ្ឋកិច្ច​​ក្នុង​ពេល​ខាងមុខ ​នឹង​ជួយ​កសាង​ឡើង​វិញ​នូវ​ «ទម្រ» ហិរញ្ញវត្ថុ​ និង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់ប្រទេស​ថៃ​។

ក្រៅ​ពី​នេះ ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ជោគ​ជ័យ​ក៏ជួយ​ឱ្យ​ប្រទេស​ថៃ​មាន​ឱកាស​អនុវត្ត​ «កំណែ​ទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុង​ជ្រោយ» ដើម្បី​បង្កើន​ទិន្នផល ​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន​។

IMF ក៏សម្ដែង​​ស្វាគមន៍​ចំពោះ​​គម្រោង​របស់​ធនាគារ​ជាតិ​ថៃ​ នៅ​ក្នុង​ការ​បញ្ចេញ​វិធានការ​ថ្មី​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​គ្រួសារ​ដែល​មាន​កម្រិត​ខ្ពស់ ទន្ទឹម​នឹង​ការ​ណែ​នាំ​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់ ក៏ដូច​ជា​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​បំណុល​​រ៉ាំរ៉ៃ​ផងដែរ​៕

Advertisement