ប្រទេស​ថៃ ត្រៀម​កម្លាំង​ម្ភៃ​លាន​នាក់​ដើម្បី​បង្កើត​ចំណូល​បួន​ទ្រីលាន​បាត​/ឆ្នាំ

រាជរដ្ឋាភិបាល​ថៃ​ទើបតែបាន​​ប្រកាស​ផែនការ​ប្រើ​ប្រាស់កម្លាំង​ទន់​ដើម្បី​ជួយ​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រហែល​ 4 ទ្រីលាន (4,000,000,000,000.00) បាត​ នៅក្នុង​រង្វង់​បួន​ឆ្នាំ​ខាង​មុខ​ ដោយ​ការ​ចាប់​ផ្ដើម​អនុវត្ត​​គម្រោង​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ 20 លាន​នាក់​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ច្នៃ​ប្រណិត​ចំនួន 11 វិស័យ និង​ជំរុញ​កម្លាំង​ទន់​របស់​ប្រទេស​នេះ​នៅ​ទូទាំង​ពិភពលោក​។

គំនិត​ថ្មី​របស់​រាជ​រដ្ឋាភិបាល​ថៃនេះ នឹង​ត្រូវ​បាន​ចែក​ជា​បី​ដំណាក់​កាល​ ក្នុង​នោះ​ដំណាក់​កាល​ដំបូង​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល 100 ថ្ងៃ និង​ផ្ដោត​ទៅ​លើ​ការ​បង្កើត​បណ្ដា​ទីតាំង​ព្រឹត្តិការណ៍​ កែ​សម្រួល​បទ​បញ្ជា​នានា​ដែល​ទាក់​ទង​នឹង​ក្រសួង​វប្បធម៌​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ឡាយ​នៅ​ក្នុង​រដូវ​រងា​។

ដំណាក់​កាល​ទីពីរ​ដែល​អូស​បន្លាយ​ដល់​ខែ​មេសា​ឆ្នាំ​ 2024 នឹង​ផ្ដោត​លើ​គំនិត​ផ្ដួច​ផ្ដើម «គ្រួសារ​មួយ​ – អំណាច​ទន់​មួយ» ដែល​នឹង​ត្រូវ​​អនុវត្ត​ជាមួយ​​នឹង​សំណើ​បង្កើត​អាជ្ញាធរ​គ្រប់​គ្រង​មាតិកម្ម​ច្នៃ​ប្រឌិត​ថៃ (THACCA)។

ដំណាក់​កាល​នេះ​ មនុស្ស​ 20 លាន​នាក់​ មក​ពី​ 20 លាន​គ្រួសារ​ នឹង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ ដើម្បី​អភិវឌ្ឍ​អំណាច​ទន់​របស់​ប្រទេស​ជាតិ ដែល​បង្ក​បង្កើត​ឡើង​ពី​វិស័យឧស្សាហកម្ម​ច្នៃ​ប្រឌិត​ចំនួន 11 រួម​មាន​ ម្ហូប​អាហារ កីឡា ពិធីបុណ្យ ទេសចរណ៍​ តន្ត្រី សៀវ​ភៅ ភាព​យន្ត ល្បែង​កម្សាន្ត សិល្បៈ ការរចនា​ និងការ​ច្នៃ​​ម៉ូដែល​​សម្លៀក​បំពាក់។ ក្នុង​ដំណាក់​កាល​នេះ ពិធី​បុណ្យ​ជះទឹក (ចូល​ឆ្នាំថ្មី) និង​វេទិកា​អំណាច​ទន់​ នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ​។

ដំណាក់​កាល​ចុង​ក្រោយ​នៃ​គំនិត​ផ្ដួច​ផ្ដើម​នេះ​គ្រោង​នឹង​អូស​បន្លាយ​ដល់​ខែ​តុលា 2024​។ បណ្ដា​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត និង​តន្ត្រី​ នឹង​ត្រូវ​បាន​ជំរុញ​បន្ថែម​ដើម្បី​គាំទ្រ​ដល់​អំណាច​ទន់​របស់​ប្រទេស​ថៃ​ ក្នុង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សកល​នានា។ ក្រសួង​ការ​បរទេស​​នឹង​ទទួល​ខុស​ត្រូវ​ទាំងស្រុង​តាម​រយៈ​ការ​ប្រឹង​ប្រែង​របស់​អ្នក​ការ​ទូត​ និង​ទីប្រឹក្សា​ពាណិជ្ជកម្មថៃនៅតាម​បណ្ដា​ប្រទេសលើ​ពិភពលោក​។

ក្រសួង​វប្បធម៌​ថៃ​កំណត់​គោលដៅ​បង្កើត​តម្លៃ​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្ដា​វិស័យ​ជាក់​លាក់​ មាន​ជា​អាទិ៍ ភាព​យន្ត ការ​រចនា​សម្លៀក​បំពាក់​ ម្ហូប​អាហារ​-ភេសជ្ជៈ កីឡា តន្ត្រី ទេសចរណ៍-​វប្បធម៌ អក្សរសិល្ប៍ សិល្បៈសហសម័យ សុខាភិបាល-សុខភាព​ សុសវែរ-ល្បែង​កម្សាន្ត ក្នុង​បំណង​រក​​ប្រាក់ចំណូល​​ឱ្យ​បាន​ 300 ដល់ 400 លាន​បាត​ពី​ព្រឹត្តិការណ៍​នីមួយ​ៗ​។

ក្រសួង​វប្បធម៌​ថៃ​ក៏​សហការ​ជាមួយ​វិទ្យាស្ថាន​គ្រប់​គ្រង​ពាណិជ្ជកម្ម​ Sasin របស់សាកល​វិទ្យាល័យ​ Chulalongkorn ដើម្បី​បង្កើត​សន្ទស្សន៍​ស្ថិតិវប្បធម៌​ វាស់​ស្ទង់​ផលប៉ះពាល់​របស់​បណ្ដា​សកម្មភាព​វប្បធម៌​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​នេះ​ផងដែរ​។ វិធីសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​នេះគឺ​ធ្វើឡើង​ក្នុង​គោលដៅលើក​កម្ពស់​អំណាច​ទន់​របស់​ប្រទេស​ថៃ ក៏​ដូច​ជា​តម្លៃ​សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រទេស​នេះ នៅ​លើ​ឆាក​អន្តរជាតិ​៕

Advertisement