សេដ្ឋកិច្ច​ចិន​មាន​កំណើន​លឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ត្រូវ​បាន​​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន (NBS) ប្រកាស​នា​ថ្ងៃទី 18 តុលា 2023​ សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទីបី​របស់​ឆ្នាំ​នេះ កើន​លឿន​ជាង​ការ​ព្យាករ​ ដែល​នេះ​ទំនង​ជា​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ចិន​សម្រេច​បាន​គោលដៅ​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ដែល​បាន​ដាក់​ចេញ​។

ទិន្នន័យ​របស់ NBS បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​ និង​ខ្ពស់​ជាង​ការ​វាយ​តម្លៃ​ (4.4%) របស់​ក្រុម​អ្នក​ជំនាញ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់​ងារសារព័ត៌មាន Reuters​ នា​ពេល​កន្លង។

GDP ក្នុង​ត្រីមាស​ទីបី​ កើន​ 1.3% ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណើន 0.5% ក្នុង​ត្រីមាស​ទីពីរ​ ហើយ​ខ្ពស់ជាង​ការ​ព្យាករ (1%) ផងដែរ​។

កំណើន GDP របស់ប្រទេស​ចិន​ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន 4.9% ក្នុង​ត្រីមាស​ទីបួន​។ រដ្ឋាភិបាល​ចិន​បាន​កំណត់​គោលដៅ​ប្រហែល 5% សម្រាប់​កំណើន​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ 2023​។

បើ​ទោះ​ទិន្នន័យ​ខាងលើ​បង្ហាញ​ថា សេដ្ឋកិច្ច​ចិន​ចាប់​ផ្ដើម​មាន​ស្ថិរភាព​ជាង​មុន ក្រោយពី​​មាន​ចំណាត់​ការ​ជា​ច្រើន​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ជឿ​ថា រដ្ឋាភិបាល​ប្រទេស​នេះ​គួរ​តែ​ធ្វើកិច្ច​ការ​ច្រើន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

សេដ្ឋកិច្ច​ចិន​មាន​កំណើន​ 3% ក្នុង​ឆ្នាំ 2022 ទាប​ជាង​បើ​ធៀប​នឹង​ការ​កំណត់​គោលដៅ​របស់​រដ្ឋាភិបាល​ ដោយ​សារ​តែ​ការ​រឹត​បន្តឹង​នានា​ដើម្បី​ទប់​ស្កាត់​កូវីដ-19។

Advertisement