លទ្ធភាព​ដែល​សហរដ្ឋ​អាម៉េរិក​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​បាន​ថយ​ចុះ​

ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ទម្លាក់​ភាគ​រយ​នៃ​លទ្ធភាព​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក ដោយ​យល់​ថា Fed បាន​បញ្ចប់​វដ្ត​នៃ​ការ​រឹត​បន្តឹង​រូបិយវត្ថុ​។ល។

នៅក្នុង​ការ​ស្ទង់មតិ​ប្រចាំត្រី​មាស​ថ្មី​បំផុត​របស់​ Wall Street Journal ក្រុម​សេដ្ឋវិទូ​ និង​ជំនួញ​ បាន​ទម្លាក់​ភាគរយ​នៃ​ហានិភ័យ​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​របស់សហរដ្ឋ​អាម៉េរិក ពី​កម្រិត​មធ្យម 54% ក្នុង​ខែ​កក្កដា មក​នៅ​ត្រឹម​កម្រិតគួរ​ឱ្យ​មាន​ក្ដី​សង្ឃឹម​​ 48%។ នេះ​ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​ដាក់​​ប្រូបាប៊ីលីតេ​ក្រោម​ 50% រាប់​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ 2022​។

កត្តាមួយ​ចំនួន​​ដែល​រួមចំណែក​ក្នុង​ការ​ជំរុញ​ក្ដី​សង្ឃឹម​ខាង​លើ រួម​មាន​ជា​អាទិ៍ អតិផរណាបន្ត​​ថយ​ចុះ​ ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​បញ្ចប់​កិច្ច​ការ​ដំឡើង​ការ​ប្រាក់​ ទីផ្សារ​ការ​ងារ​ងើប​ឡើង​ខ្លាំង​ក្លា​ និង​កំណើន​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​។

ការ​ស្ទង់មតិប្រចាំ​ត្រីមាស​ចុង​ក្រោយ​បំផុត​​របស់​ Wall Street Journal ត្រូវ​បាន​ធ្វើ​ឡើងជាមួយ​នឹង​សេដ្ឋវិទូ​ 65 រូប​ មក​ពី​ស្ថាប័ន​ល្បី​ៗ​ជា​ច្រើន​ មាន​ដូច​ជា Deutsche Bank និង​ BMO ជា​ដើម ចាប់​ពី​ថ្ងៃទី 06 តុលា ដល់​ 11 តុលា​ 2023​៕

Advertisement