OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

ថ្វីបើ​បាន​​ព្យាករ​ថា GDP ឆ្នាំ​នេះ​កើន​ឡើង ប៉ុន្តែ​ OECD ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​មាន​ហានិភ័យ​បន្ថយ​ល្បឿន​ ព្រោះ​តែ​សម្ពាធ​ការ​ប្រាក់ និង​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។

អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ទើប​តែ​បាន​បញ្ចេញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដី​ពី​ GDP ទូទាំងសកល​លោក​ឆ្នាំ 2023​ ដែល​អះ​អាង​ថា មាន​កំណើន​ 3% កើន​ 0.3 ពិន្ទុ​ភាគ​រយ​ធៀប​នឹង​ការ​ព្យាករ​មុន​នោះ​។ ក៏ប៉ុន្តែ នេះ​នៅ​តែ​ជាកម្រិត​ក្រោម​ធម្យម​ភាគ​ ហើយ​ក៏​ជា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ (2008 – 2009) លើក​លែង​តែ​ឆ្នាំ 2020 ដែល​រងផល​ប៉ះ​ពាល់​ពីកូវីដ​។

អង្គការដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប៉ារីស ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​ 0.2 ពិន្ទុ​ភាគ​រយ​ មក​នៅ​ត្រឹម​ 2.7%​។ Clare Lombardelli ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់ OECD វាយ​តម្លៃ​ថា អតិផរណា​បន្ត​ថយ​ចុះ​ ប៉ុន្តែ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ លោក​និយាយ​កាល​ពី​ថ្ងៃទី 19 កញ្ញា​​ថា «យើង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ពីរ​ត្រួត​ នោះ​គឺ​អតិផរណា និង​កំណើន​ទាប»។

OECD យល់​ថា ហានិភ័យ​គឺ​ថា ការ​ព្យាករ​កំពុង​តែ​មាន​ទំនោរ​ទៅ​រក​ភាព​អវិជ្ជមាន ព្រោះតែ​ការ​ដំឡើង​ការ​ប្រាក់​កាល​ពី​អតីត​កាល​អាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹង​ទុក​ ហើយ​អតិផរណា​ក៏​មាន​ហានិភ័យ​អាក្រក់​ក្នុង​រយៈ​ពេល​យូរ​ ទាម​ទារ​ឱ្យ​មាន​ការ​រឹត​បន្តឹង​នយោបាយ​​រូបិយវត្ថុ​បន្ថែម​ទៀត​។ ពួក​គេចាត់​ទុក​ថា ការ​លំបាក​របស់​ចិន​គឺជា​ហានិភ័យ​សម្រាប់​ទិន្នផល​​ទូទាំង​សកល​លោក​។

OECD ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ឆ្នាំ​នេះគឺ 0.6% និង​ឆ្នាំ​ក្រោយ​គឺ​ 1.1%​។ កំណើន​នេះ​នៅ​សហរដ្ឋ​អាម៉េរិក​នឹង​បន្ថយ​ល្បឿន​មក​នៅ​ត្រឹម​ 1.3% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​ធៀប​នឹង​ 2.2% ក្នុង​ឆ្នាំ​នេះ​។

កំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​ក៏​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ 4.6% ដោយ​សារ​តម្រូវ​ការ​ក្នុង​ស្រុក​ថយ​ចុះ​ និង​ភាព​តាន​តឹង​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​។ កំណើន GDP របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ 2023 អាច​ឡើន​ដល់​ 5.1% ថយចុះ 0.3 ពិន្ទុ​ភាគ​រយ​បើ​ធៀប​នឹង​ការ​ព្យាករ​មុន​របស់ OECD។

OECD យល់​ថា រដ្ឋាភិបាល​នានា​មិន​គួរ​ធ្វើ​អន្តរាគមន៍​ដោយ​ការ​បង្កើន​ការ​ចំណាយ​​បន្ថែម​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ជំនួស​មក​វិញ គួរ​តែ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ ដើម្បី​សម្រួល​ឱ្យ​មាន​ការ​វិនិយោគ​ជា​ថ្មី​នៅ​ពេល​អនាគត​ និង​ចៀស​វាង​កំណើន​អតិផរណា​។

អង្គការ​ខាងលើ​ក៏​បាន​ព្រមាន​ដែរ​ថា មិន​គួរ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​នយោបាយ​​រូបិយវត្ថុ​​ ដោយ​សារ​តែ​អតិផរណា​នៅ​តែ​មាន​។ យោង​តាម​ OECD រដ្ឋាភិបាល​នានា​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទម្លាក់​ការ​ប្រាក់​រហូត​ដល់​ចុង​ឆ្នាំ 2024​។

Advertisement