ក្រុម​ហ៊ុន​ជិត 40% នៅ​ប្រទេស​ជប៉ុន ជួល​បុគ្គលិក​អាយុ​លើស​ពី 70

ចំនួន​ក្រុម​ហ៊ុន​ដែល​ជ្រើស​រើស​បុគ្គលិក​អាយុ​លើស​ពី 70 នៅ​ប្រទេស​ជប៉ុន បាន​កើន​ទ្វេដងធៀប​នឹង​​ទសវត្សរ៍​កន្លង​ ដោយ​ឡើង​ដល់ 39%​។

ដើមឡើយ ប្រទេស​ជប៉ុន កំណត់​អាយុ​ចូល​និវត្តន៍​ត្រឹម​ 60 ប៉ុន្តែប្រទេស​នេះ​បាន​ធ្វើវិសោធនកម្ម​ច្បាប់​កាល​ពី​ឆ្នាំ 2013 ដោយ​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​នានា​បន្ត​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​រហូត​ដល់​អាយុ 65 ឆ្នាំ បើ​សិន​ជា​បុគ្គលិក​នោះ​ចង់​។ ដំបូង​ឡើយ បណ្ដា​ក្រុម​ហ៊ុន​បាន​ជំទាស់​ទៅ​នឹង​ការ​ប្ដូរ​ផ្លាស់​នេះ​ ព្រោះ​តែ​ខ្លាច​ការ​ចំណាយ​កើន​ឡើង​។ ក៏ប៉ុន្តែ បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​នា​បច្ចុប្បន្ន​ កំពុង​តែ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កាន់​តែ​ច្រើនសម្រេច​​ជ្រើស​រើស​បុគ្គលិក​វ័យ​ចំណាស់​។

ក្រុម​ហ៊ុន Nojima កាលពី​ឆ្នាំ 2020 បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​បន្ត​ធ្វើ​ការ​រហូត​ដល់​ពួក​គេ​មាន​អាយុ 80​។ ឆ្នាំ 2021 ក្រុម​ហ៊ុន YKK ដែល​ជា​អ្នក​ផលិត​ខ្សែរ៉ូត​​ធំជាង​គេ​លើពិភពលោក​ ក៏បាន​លុប​ចោល​ការ​កំណត់​អាយុ​ចូល​និវត្ត​ន៍​។ មិន​យូរ​ប៉ុន្មាន​ ក្រុម​ហ៊ុន Nojima ​ក៏​បាន​ធ្វើ​តាម​ YKK។

ក្រសួង​សុខាភិបាល​ ការ​ងារ និង​សុខុមាលភាព​ ក៏ដូច​ជា​ក្រសួង​មហា​ផ្ទៃ ទូរគមនាគមន៍​ជប៉ុន កាល​ពី​ដើម​ខែ​សីហា​នេះបាន​ប្រកាស​ទិន្នន័យ​ដែល​បង្ហាញ​ថា អត្រា​នៃ​ការ​ជ្រើស​រើស​បុគ្គលិក​វ័យ​លើស​ពី 70 ក្នុង​ឆ្នាំ 2022 គឺ 39% ដែល​នេះ​ខ្ពស់​ជាង​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ 2012​។

ក្រុម​ប្រជាជន​វ័យ​ពី 15 ដល់ 64 មាន 59% ធៀប​នឹង​ប្រជាជន​សរុប​នៅ​ជប៉ុន​ក្នុងឆ្នាំ 2022 ដោយ​ថយ​ចុះ​ 9% ធៀប​នឹង​ឆ្នាំ 2000​។ ក្នុងចំណោម​មនុស្ស​ដែល​មាន​ការ​ងារ​ធ្វើនៅជប៉ុន ក្រុម​​ដែល​មាន​អាយុ​លើស​ពី 65 មាន​ 6.39 លាន​នាក់ ស្មើ​នឹង 10.6% ខ្ពស់​ជាង​តួលេខ 7% នៅ​អាម៉េរិក និង 4% នៅ​អាល្លឺម៉ង់។

វិស័យ​ដែល​ប្រើប្រាស់​បុគ្គលិក​វ័យ​ចំណាស់​ខ្ពស់​ជាង​គេនៅ​ប្រទេស​ជប៉ុន ​រួម​មាន វិស័យ​សាងសង់ វិស័យ​ថែទាំសុខភាព វិស័យ​ដឹកជញ្ជូន​៕

Advertisement