ក្រុមហ៊ុន​ពីរ​នៅ​កម្ពុជា គ្រោង​នឹង​បង្កើត​រោងចក្រ​កាត់ដេរ និង​​​ផលិត​សម្ភា​រៈវេច​ខ្ចប់​តម្លៃ​ជាង​ដប់​លាន​ដុល្លារ

ក្រុមហ៊ុន FITLY APPAREL និង​ក្រុមហ៊ុន WH PACKAGING ទទួលបាន​ការយល់ព្រម​ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ចំនួន​ពីរ​ដែលមាន​ទុន​សរុប​ចំនួន​ជាង​ដប់​លាន​ដុល្លារ​អាម៉េរិក។ នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

ទីមួយ៖ ក្រុមហ៊ុន FITLY APPAREL CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​បី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.3 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,891 កន្លែង។

ទី​ពីរ៖ ក្រុមហ៊ុន WH PACKAGING មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 6 ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,076 កន្លែង។

ជា​សរុប ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​មាន​ទុន​សរុប​ចំនួន 10.4 លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​បាន​ជិត​ពីរពាន់​កន្លែង៕

Advertisement